សាលាក្រុង Bordeaux ត្រូវបានដុតបំផ្លាញ ហើយជនជាតិបារាំងជាង១លាននាក់បានធ្វើបាតុកម្ម

ចែករំលែក៖

សាលាក្រុង Bordeaux ត្រូវបានដុតបំផ្លាញ ខណៈដែលមនុស្សជាងមួយលាននាក់នៅទូទាំងប្រទេសបារាំងបានដើរតាមផ្លូវដើម្បីតវ៉ាប្រឆាំងនឹងកំណែទម្រង់ប្រាក់សោធននិវត្តន៍របស់ប្រធានាធិបតី Emmanuel Macron ។

BBC ពិពណ៌នាអំពីរបៀបដែលប៉ូលិសបារាំងបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើហ្វូងបាតុករ ហើយមនុស្ស80នាក់នៅទូទាំងប្រទេសត្រូវបានចាប់ខ្លួន។
សាលាក្រុង Bordeaux ដែលជារដ្ឋធានីនៃតំបន់ Nouvelle-Aquitaine ក៏ត្រូវបានដុតដោយក្រុមអ្នកតវ៉ានៅល្ងាចថ្ងៃទី 23 ខែមីនា ប៉ុន្តែអាជ្ញាធរបានពន្លត់ភ្លើងយ៉ាងឆាប់រហ័ស។
គេនៅមិនទាន់កំណត់ថា នរណាជាអ្នកទទួលខុសត្រូវចំពោះអគ្គិភ័យនេះទេ។
តួលេខពីក្រសួងមហាផ្ទៃបារាំងបង្ហាញថា មនុស្សប្រហែល 119,000 នាក់បានដើរតាមផ្លូវក្នុងទីក្រុងប៉ារីស ខណៈដែលមនុស្សជាងមួយលាននាក់បានចូលរួមក្នុងការតវ៉ាទូទាំងប្រទេសនៅថ្ងៃទី 23 ខែមីនា។
នៅទីក្រុងប៉ារីស ការតវ៉ាភាគច្រើនមានសន្តិភាព ដោយគ្រាន់តែមានការប៉ះទង្គិចគ្នាម្តងម្កាលរវាងប៉ូលិសនឹងក្រុមបាតុករដែលបិទបាំងមុខ បានវាយកម្ទេចហាងនិងដុតតាមផ្លូវ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ។
ការប៉ះទង្គិចក៏បានកើតឡើងនៅក្នុងទីក្រុងភាគខាងលិចដូចជា Nantes, Rennes និង Lorient។
កម្មកររាប់ម៉ឺននាក់ក៏បានធ្វើកូដកម្ម ហើយការបិទផ្លូវបានរំខានដល់ប្រតិបត្តិការផ្លូវដែក និងរោងចក្រចម្រាញ់ប្រេង។ យោងតាម BBC គ្រូបង្រៀន និងកម្មករជាច្រើននាក់នៅអាកាសយានដ្ឋាន Charles de Gaulle (ប៉ារីស) ក៏ឈប់ធ្វើការដែរ។
យោងតាម AP ប៉ូលិសបានប្រើឧស្ម័នបង្ហូរទឹកភ្នែក កាណុងបាញ់ទឹក ភ្លើងពិល និងដំបងដើម្បីបំបែកការតវ៉ា។ វីដេអូដែលផ្សព្វផ្សាយតាមបណ្តាញសង្គមបានបង្ហាញពីមន្ត្រីពាក់អាវក្រោះព្យាយាមបញ្ឈប់បាតុករ៕ ដោយធីរីណា

...

រូប​ថត​ : Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print