តើអាជ្ញាធរខណ្ឌជ្រោយចង្វា ដឹងឬធ្វើមិនដឹង ខណៈទុកអោយ លោក ឡាន ពីវិន ចាក់ដីចូលជ្រៅទៅក្នុងទន្លេពង្រីកទំហំ ១១២៤៦ម៉ែត្រការ៉េ នៅសង្កាត់កោះដាច់ !

ចែករំលែក៖

ភ្នំពេញ ៖ រឿងចាក់ដីរំលោភយកច្រាំងទន្លេ រហូតដល់មានទំហំ ចាក់ដីចូលជ្រៅទៅក្នុងទន្លេពង្រីកបានដល់ ១១២៤៦ម៉ែត្រការ៉េ មិនមែនជារឿងធម្មតា ហើយមេត្តាអាជ្ញាធរ ភូមិ សង្កាត់ ខណ្ឌ តិចច្រឡំមាត់ថា, មិនដឹង មិនហ៊ានហាមឃាត់ មិនមានសមត្ថភាពផ្អាកសកម្មភាព អោយសោះ ខណៈអស់លោកមានអំណាច តាមរយៈថ្នាក់លើ បានប្រតិភូកម្មអំណាចអោយពេញដៃហើយ បើមានអំពើរំលោភបំពានច្បាប់ ក្នុងមូលដ្ឋាន គឺមានសិទ្ធិគ្រប់គ្រាន់ ក្នុងការបង្ក្រាប ហាមឃាត់ តាមវិធានការរដ្ឋបាល នៃអំណាចមូលដ្ឋាន វាជៀសតែ មិនដេកធ្វើជាដេកលក់ប៉ុណ្ណោះ។

សូមបញ្ជាក់ថា, លោក ឡាន ពីវិន ដែលគេចាត់ទុកជាអ្នក មានលុយ មានអំណាចដោយសារលុយ ពិតជាថ្លើមធំ មែន 

បានធ្វើសកម្មភាពចាក់ដីលុបច្រាំងទន្លេពង្រីកដីច្រាំងទន្លេធ្វើជាកម្មសិទ្ធិរបស់ខ្លួន ក្រោមក្រសែភ្នែក អាជ្ញាធរ ភូមិ សង្កាត់ ខណ្ឌ សំងំលង់លក់ក្នុងដំណេកផង ជននេះបានប្រើពេលយូរថ្ងៃ ប្រើប្រាស់គ្រឿងចក្រ ឡានដឹកដី ខ្សាច់ ថ្មី ចាក់ដីចូលជ្រៅទៅក្នុងទន្លេពង្រីកទំហំ ១១២៤៦ម៉ែត្រការ៉េ នៅសង្កាត់កោះដាច់ ! ។

ប៉ុន្តែត្រូវបាន លោក ឃ្លាំង ហួត អភិបាលរង រាជធានីភ្នំពេញ ទទួលព័ត៌មានទាន់  ក៏បានដឹកនាំក្រុមការងារចុះទៅចាត់វិធានការឱ្យធ្វើរបងត្រឹមតែដីកម្មសិទ្ធិដែលខ្លួនមានប៉ុណ្ណោះ នៅសល់ដីដែលខ្លួនបានពង្រីករួចទៅហើយនោះ ទុកធ្វើជាសម្បត្តិសាធារណៈរបស់រដ្ឋ ទុកជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់នៅពេលមានកិច្ចការអ្វីមួយលើដីនោះ។ 

និយាយរួមជននេះត្រូវប្រឈមនឹងច្បាប់ព្រហ្មទណ្ឌ ខណៈច្បាប់ភូមិបាល មិនអនុញ្ញាត អោយរំលោភយកច្រាំងទន្លេឡើយ។ 

ករណីនេះ មហាជន និងប្រជាពលរដ្ឋដែលរស់នៅភូមិរនះ សង្កាត់កោះដាច់ បានអំពាវនាវផងដែរដល់មន្ត្រីអាជ្ញាធរ សូមឱ្យឧស្សាហ៍ចុះទៅពិនិត្យមើលទីកន្លែងដែលគេរំលោភយកច្រាំងទន្លេ និងចាក់ដីពង្រីកច្រាំងទន្លេនោះផង ក្រែងភ្លេចៗខ្លួន ស្រាប់តែគេព័ទ្ធរបងរំលោភយកដីទាំងនោះវិញក៏ថាបាន ដូច្នេះសូមមន្ត្រីអាជ្ញាធរឧស្សាហ៍ចុះទៅពិនិត្យមើលផង, ចំណែកប្រជាពលរដ្ឋ សូមចូលរួមតាមដានទាំងអស់គ្នា ដើម្បីការពារផ្ទៃដីដែលជាសម្បត្តិរបស់រដ្ឋ។ 

ក្នុងករណីរំលោភ យកច្រាំងទន្លេប្រព្រឹត្តដោយ លោក ឡាន ពីវិន ត្រូវបានក្រុមមន្ត្រីអាជ្ញាធរចុះពិនិត្យចាត់វិធានការលើអ្នករំលោភដីច្រាំងទន្លេនេះ ធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ដឹកនាំដោយ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ មានការចូលរួមពីមន្ត្រីអាជ្ញាធរខណ្ឌជ្រោយចង្វារ និងសង្កាត់កោះដាច់ ដែលមានទីតាំងស្ថិតនៅ ភូមិរនះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ 

តាមការដឹកនាំបញ្ជាពី លោក ឃ្លាំង ហួត អភិបាលរង រាជធានីភ្នំពេញ គេឃើញក្រុមការងារ មានខាងមន្ត្រីអាជ្ញាធរ មន្ត្រីជំនាញ បានធ្វើការពិនិត្យវាស់វែងផ្ទៀងផ្ទាត់ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ លេខៈភព ៧៣៧២៧ របស់ឈ្មោះ ឡាន ពីវិន រកឃើញថា ដីនេះមានទំហំ ៨៣៣៨ ម៉ែត្រការ៉េ ប៉ុណ្ណោះជាដីកម្មសិទ្ធិស្របច្បាប់ ។  ប៉ុន្តែ លោក ឡាន ពីវិន បានចាក់ដីពង្រីកច្រាំងទន្លេលើសពីដីក្នុងប័ណ្ណ រហូតដល់ទំហំ ១២៦៥២ ម៉ែត្រការ៉េ និងបានចាក់ដីចូលជ្រៅទៅក្នុងទន្លេពង្រីកទំហំ ១១២៤៦ម៉ែត្រការ៉េ។

ភ្លាមៗនោះ  លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានមានចំណាត់ការ ៤ចំណុច ដូចខាងក្រោម : 

ទី២/ តម្រូវឱ្យម្ចាស់ដី ឈ្មោះ ឡាន ពីវិន ដែលបានចាក់ដីចូលទន្លេសាងសង់ច្រាំង ត្រូវបញ្ឈប់ជាបន្ទាន់ បើពុំនោះទេ នឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត ដោយគ្មានយោគយល់ លើកលែង ។ 

ទី២/ ណែនាំឱ្យម្ចាស់ដីគ្រប់គ្រង និងស្នើសុំសាងសង់ អ្វីមួយ គឺធ្វើត្រឹមតែលើដីកម្មសិទ្ធិរបស់ខ្លួនដែលមានទំហំ ជាង ៨៣៣៨ម៉ែត្រការ៉េ តែប៉ុណ្ណោះ ។  ចំណែកដីទំហំ ១២៦៥២ ម៉ែត្រការ៉េ ដែលជាដីច្រាំង ដុះ និងដីដែលបានចាក់ចូលជ្រៅទៅក្នុងទន្លេខុសច្បាប់ ទំហំ ១១២៤៦ម៉ែត្រការ៉េនោះ ត្រូវទុកជាសម្បត្តិរដ្ឋ ដើម្បីបម្រើជាប្រយោជន៍សាធារណៈ ។

ទី៣/ ក្នុងករណីជនទាំងឡាយណាចង់ ប្រើប្រាស់ដីនេះ លុះត្រាតែស្នើសុំទៅរាជរដ្ឋាភិបាល។

តី៤/ ជាមួយគ្នានេះ អាជ្ញាធររាជធានីភ្នំពេញ ធ្វើការវាស់វែងព្រំដីឡើងវិញ ដោយកំណត់យកព្រំដីចាស់ ដោយមិនអនុញ្ញាតឱ្យម្ចាស់ដី ធ្វើការចាក់ដីរំលោភបំពានចូលច្រាំងទន្លេទៀតនោះទេ ប្រសិនឃើញមានរំលោភបំពានលើកក្រោយទៀត នឹងចាត់វិធានការតាមផ្លូវច្បាប់ម៉ឺងម៉ាត់។

សូមបញ្ជាក់ផងដែរថា, បញ្ហាចាក់ដីរំលោភយកច្រាំងទន្លេ មិនមែនជារឿងដែលអាជ្ញាធរ ថ្នាក់ភូមិ-សង្កាត់-ខណ្ឌ មិនដឹងមនុស្សឡើយ។ ភាគច្រើនអាចពាក់ព័ន្ធទៅនឹងអំពើឃុបឃិតគ្នាក្នុងផលប្រយោជន៍ណាមួយ , ការយោគយល់មនោសញ្ចេតនានិងសេដ្ឋកិច្ច , ករណីខ្លះ ហាមឃាត់ក៏ហាម អនុញ្ញាតឲ្យលួចធ្វើសកម្មភាពក៏ឲ្យធ្វើ តែមិនទទួលខុសត្រូវពេលថ្នាក់លើបានដឹង ! ដូចជាសកម្មភាពដែលប្រព្រឹត្តដោយ លោក ឡាន ពីវិន ចាក់ដីចូលជ្រៅទៅក្នុងទន្លេពង្រីកទំហំ ១១២៤៦ម៉ែត្រការ៉េ នៅសង្កាត់កោះដាច់ ! ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងអាជ្ញាធរក្នុងមូលដ្ឋានមួយចំនួន ពិតជាមិនពេញចិត្ត មិនគាំទ្រចំពោះការរំលោភយប់ជ្រាំងទន្លេនេះឡើយ។ ប៉ុន្តែពួកគាត់គ្មានសិទ្ធិនិងអំណាច បានត្រឹមតែការសោកស្ដាយ រិះគន់ ខណៈថ្នាក់លើក្នុងមូលដ្ឋាន

មានការយោគយល់ឬត្រូវរូវគ្នារួចទៅហើយ។ ទីបំផុត ! ពេលឃើញ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ ដឹកនាំសមត្ថកិច្ចនិងមន្ត្រីជំនាញចុះហាមឃាត់ ទាំងមន្ត្រី ទាំងប្រជាពលរដ្ឋមានការគាំទ្រ និងសូមឲ្យអាជ្ញាធរបន្តធ្វើកិច្ចការនេះឲ្យបានញឹកញាប់ដូចភ្លៀងរលឹម ដើម្បីការពារទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ៕

ដោយ : សិលា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print