សម្តេចតេជោ ហ៊ុន​ សែន​ នឹងអញ្ជើញបើកទិវាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» លើកដំបូងនៅកម្ពុជា​ ស្អែកនេះ​!

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអាទិត្យទី២៦ ខែមីនា ឆ្នាំ២០២៣ស្អែកនេះ នឹងអញ្ជើញជាអធិបតីបើកវេទិកាជាតិ «វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និងនវានុវត្តន៍»​ និងរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

សូមជម្រាបថា​ ទិវាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» រៀបចំឡើងដោយក្រសួង​ឧស្សា​ហ​កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ នេះជាការរៀបចំជាលើកដំបូងហើយ​នៅកម្ពុជា ពោលមិនធ្លាប់មាននោះទេពីមុនមក។

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាការរួមចំណែកក្នុងការរួមគ្នាអនុវត្ត​គោល​នយោបាយ និងផែនទីបង្ហាញផ្លូវរបស់រាជរដ្ឋាភិបាល ដោយអនុលោមតាមក្រប​ខណ្ឌ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ ២០២១-២០៣៥ និងសម្រាប់ប្រទេសកម្ពុជាត្រៀមខ្លួនក្នុងការក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងប្រារព្ធឡើងរយៈពេល៣ថ្ងៃ គឺចាប់​ពី​ថ្ងៃ​ទី​២៦ ដល់ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៣។ ទិវានេះ នឹងមានការអញ្ជើញចូលរួម​ពី​ស្ថាប័ន​​ពាក់​ព័ន្ធសរុបជាង ២០០ស្ថាប័ន ក្នុងនោះរួមមានក្រសួងពាក់ព័ន្ធ គ្រឹះស្ថាន​ឧត្តមសិក្សា និងស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ក្រុមហ៊ុនអាជីវកម្ម និង​សមាគមពាណិជ្ជកម្មជាដើម។

កម្មវិធីសំខាន់ៗនៃព្រឹត្តិការណ៍ថ្នាក់ជាតិនេះ រួមមានការដាក់តាំងបង្ហាញ Science Caravan ដែលជាមន្ទីរពិសោធន៍ចល័តវិទ្យាសាស្រ្តដំបូងគេ ដែលមិនធ្លាប់មាន។ ការ​ដាក់តាំង​បង្ហាញមន្ទីរពិសោធន៍នេះ ត្រូវបានរចនាឡើង​ដើម្បីទាក់ទាញចំណាប់​អា​រម្ម​ណ៍របស់កុមារលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការច្នៃប្រឌិត ក៏ដូចជាលើកទឹកចិ​ត្ត​បណ្តុះ​នូវ​អាកប្បកិរិយាវិជ្ជមានចំពោះការអប់រំស្ទែម (STEM) ផងដែរ។

ព្រឹត្តិការណ៍ ត្រូវបានគេរំពឹងថា នឹងទាក់ទាញកុមារ និងអាណាព្យាបាលជាច្រើន​ដើម្បី​ណែនាំកូនរបស់ពួកគេឱ្យស្គាល់ពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

កម្មវិធីថ្នាក់ជាតិមួយនេះ ក៏មានបទបង្ហាញសំខាន់ៗជាច្រើនពីសំណាក់អ្នកជំនាញ និង​អ្នកស្រាវជ្រាវជាច្រើនក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដោយផ្តោតសំខាន់​ទៅលើ​ការផ្សព្វផ្សាយ វិស័យស្ទែមសម្រាប់កុមារ និងជាពិសេសសម្រាប់ក្មេងស្រីផងដែរ។

បន្ថែមពីលើនេះ ក៏មានកម្មវិធី Talk Show ដែលជាវេទិកាមួយដើម្បីប្រមូលផ្តុំបញ្ញាវ័ន្ត សហគ្រិន និងអ្នកជំនាញរដ្ឋាភិបាល ដើម្បីធ្វើកិច្ចពិភាក្សា លើបញ្ហាប្រឈមផ្សេងៗ ក៏​ដូច​ជាការស្វែងរកដំណោះស្រាយ និងកិច្ចសហការនាពេលអនាគតក្នុងវិស័យទាំងពីរ​នេះផងដែរ។ នេះគឺជាឱកាសដ៏ពិសេសមួយ ដើម្បីលើកកម្ពស់ការរួបរួមសាមគ្គីគ្នា ហើយ​ទទួលយក គំនិតពីមុំខុសៗគ្នា ដើម្បីឈានទៅរកការសម្រេចចិត្តកាន់តែ​ប្រសើរ​ឡើង​​នៅក្នុងស្ថាប័នរៀងៗខ្លួន។

លោកបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និងនវានុវត្តន៍ បានលើកឡើងថា «រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែន​ទី​បង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា២០៣០ ក្នុងគោលបំណង ដើម្បី​ជំរុញប្រព័ន្ធ​អេកូឡូស៊ីលើវិស័យនេះ និងមានគោលដៅទាក់ទាញការវិនិយោគ​នៅក្នុង​វិស័យឧស្សាហកម្មទាក់ទិននឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅកម្ពុជា»។

លោក ក៏បានបន្ថែមទៀតដែរថា «វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនាវានុវត្តន៍ គឺជាឆ្អឹងខ្នង​នៃ​ការការអភិវឌ្ឍប្រទេសជាតិ។ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការសម្រេចិត្តយ៉ាងសំខាន់​ក្នុងការលើកកម្ពស់វិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនាវានុវត្តន៍ ដើម្បីជម្រុញប្រទេស​កម្ពុជា​ឱ្យឈានជើងចូលទៅក្នុងសករាជថ្មីនៃអារ្យធម៌ដ៏រស់រវើកផងដែរ»។

បើតាមលោកស្រី ជា រដ្ឋា អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ «ប្រទេសទាំងអស់នៅលើពិភពលោក ស្ត្រី​ដែល​សិក្សាផ្នែកស្ទែម (STEM) នៅមានភាគរយតិចតួចណាស់ ប៉ុន្តែសម្រាប់នៅ​ប្រទេសកម្ពុជាយើងនេះដែរ មានសហគ្រិនដែលជាស្រ្តី ដែលបានចូលសិក្សា​ផ្នែកនេះ​មានចំនួន ៣០ភាគរយ ប៉ុន្តែស្ត្រីដែលបម្រើការងារផ្នែកនេះក្នុង​តំណែងជាថ្នាក់​ដឹក​នាំ​ប្រហែល ៨% ទៅ ១០% ប៉ុណ្ណោះ។ ដោយឡែក គោលបំណងរបស់យើងនៅក្នុងឆ្នាំ ២០៣០ គឺយើងចង់ឲ្យមានស្ត្រីរហូតដល់ទៅ ៤០ភាគ»។

ព្រឹត្តិការណ៍ថ្នាក់ជាតិរយៈពេលបីថ្ងៃនេះ រំពឹងទុកថា នឹងទាក់ទាញអ្នកចូលរួម​ទស្សនា​រហូតជាង ៥០,០០០នាក់ ជាមួយនឹងការសិក្សាបន្ថែមពាក់ព័ន្ធវិទ្យាសាស្ត្របែប​អន្តរ​កម្ម និងសប្បាយ ដើម្បីជំរុញឲ្យមានចំណាប់ អារម្មណ៍លើវិទ្យាសាស្ត្រក្នុង​ចំណោម​កុមារ និងយុវជនកម្ពុជា។

គួរបញ្ជាក់ថា ការប្រារព្ធនូវទិវាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនាវានុវត្តន៍ មានសារៈ​សំខាន់ណាស់ក្នុងការចូលរួមចំណែកទាក់ទាញវិនិយោគិន ធុរជន និងបុគ្គលមានគំនិត បង្កើតថ្មី និងនាវុវត្តន៍ថ្មីៗ ដើម្បីចូលរួម ចំណែកលើកកម្ពស់វិស័យវិទ្យាសាស្រ្ត បច្ចេក​វិទ្យា និងនាវានុវត្តន៍ ជាពិសេសគឺចូលរួមចំណែកបង្កើនកំណើនសេដ្ឋកិច្ចជាតិ និងក្នុង​គោលដៅសម្រេចឲ្យបាននូវចក្ខុវិស័យដែលកម្ពុជានឹងប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសដែល​មានចំណូលខ្ពស់​ត្រឹម​ឆ្នាំ ២០៥០ ផងដែរ៕ដោយ​៖សហការី​

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print