សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៥ ខែមីនា ឆ្នាំ២០២៣នេះបានផ្សាយថា អង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី២៥ខែមីនានេះ បាននិយាយថា ខ្លួនមានការព្រួយបារម្ភជាខ្លាំងចំពោះការប្រហារជីវិតឈ្លើយសឹកពីសំណាក់ទាហានរុស្ស៉ី និងអ៊ុយក្រែននៅលើសមរភូមិ។
ការចោទប្រកាន់ខាងលើ កើតមានឡើងមួយរយៈពេលខ្លីប៉ុណ្ណោះ បន្ទាប់ពីទីក្រុងកៀវបានចោទប្រកាន់ទាហានរុស្ស៉ីថាបានសម្លាប់ឈ្លើយសឹកអ៊ុយក្រែនម្នាក់ ដែលត្រូវបានថតជាប់នៅក្នុងវីដេអូមួយ ដោយស្រែកថាអ៊ុយក្រែននឹងទទួលបានជ័យជម្នះ មុននឹងត្រូវបានបាញ់សម្លាប់។ ប្រមុខបេសកកម្មឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសអ៊ុយក្រែន លោកស្រី ម៉ាធីលដា បូននឺ (Matilda Bogner) បាននិយាយថា អង្គភាពរបស់លោកស្រីបានរកឃើញថាមានការសម្លាប់ឈ្លើយសឹកគ្នាទៅវិញទៅមករវាងទាហានរុស្ស៉ី នឹងអ៊ុយក្រែន។
លោកស្រីបន្ថែមដូច្នេះថា «យើងពិតជាមានការព្រួយបារម្ភជាខ្លាំងចំពោះការប្រហារជីវិតឈ្លើយសឹក
រុស្ស៉ី ២៥នាក់ និងមនុស្សមួយចំនួននៅក្រៅសមរភូមិ ដោយទាហានអ៊ុយក្រែន…»។ លោកស្រី Bogner ក៏បានបង្ហាញក្ដីបារម្ភផងដែរជុំវិញការប្រហារជីវិតឈ្លើយសឹកអ៊ុយក្រែន ១៥នាក់ ដោយទាហានរុស្ស៉ី។
បើតាមលោកស្រី Matilda Bogner ក្រុមទាហានស៊ីឈ្នួល វេកណឺ (Wagner) ដែលកំពុងដឹកនាំប្រតិបត្តិការសង្រ្គាមក្នុងទីក្រុងបាកមូត គឺជាអ្នកទទួលខុសត្រូវលើការសម្លាប់ឈ្លើយសឹកចំនួន១១នាក់ នៅក្នុងចំណោមឈ្លើយសឹកអ៊ុយក្រែនទាំង១៥នាក់ខាងលើ៕ ដោយធីរីណា
រូបថត : Reuters