ជនជាតិចិន​-វៀតណាម​ និងខ្មែរ ផ្ទុះហិង្សាដាក់គ្នា ក្នុងករណីចាប់បង្ខាំងមនុស្សនៅអគារមួយកន្លែង ម្តុំអូរសំអាត ក្នុងក្រុងព្រះសីហនុ ផ្អេីលសមត្ថកិច្ចចុះឃាត់ខ្លួនទាំងយប់

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖ កម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ សហការជាមួយកម្លាំងនគរបាលអន្ដរាគមន៍ នៅយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣នេះ បានបើកប្រតិបតិ្ដការបង្ក្រាបករណីចាប់បង្ខាំង និងហិង្សាមួយ ដែលបង្កឡើងដោយជនជាតិចិននិងជនជាតិវៀតណាម​ ជាក់ស្ដែង​ឃាត់ខ្លួនជនជាតិចិន៤នាក់ វៀតណាម៤នាក់និងជនជាតិខ្មែរ៥នាក់យកមកសួរនាំ, ជនជាតិចិននិងវៀតណាមប្រឈមមុខនឹងការបណ្តេញចេញពីកម្ពុជា។

បេីតាមការ​បញ្ជាក់ពី​លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ បានបញ្ជាក់ថា ប្រតិបត្ដិការនេះកម្លាំងនគរបាលបានឃាត់ខ្លួនជនជាតិចិន៤នាក់ និងវៀតណាម៤នាក់។ ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ចក៏នាំខ្លួនជនជាតិខ្មែរទាំង៥នាក់ដែលត្រូវជនបរទេសទាំងនោះចាប់បង្ខាំងនិងប្រើហិង្សាមកសួរនាំផងដែរ។

សម្រាប់ជនជាតិចិន វៀតណាម និងជនជាតិខ្មែរនាំខ្លួនយកទៅស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុដើម្បីធ្វើការសួរនាំ និងចាត់វិធានការបន្ដទៀតតាមនីតិវិធីច្បាប់ រហូតមានការបណ្តេញចេញពីកម្ពុជាទៀតផង។

លោកឧត្ដមសេនីយ៍ទោ ជួន​ ណារិន្ទ បានគូសបញ្ជាក់ថា «ក្រោមបទបញ្ជារបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការសម្របសម្រួលពីតំណាងអយ្យការនោះ យើងបានប្រមូលជនដែលពាក់ព័ន្ធនឹងហិង្សា ដែលសកម្មភាពទាំងនេះបានធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់នៅក្នុងសង្គម។ យើងកំណត់មើល បើសិនជាមានបញ្ហា ទោសទណ្ឌធ្ងន់ធ្ងរ យើងនឹងធ្វើតាមនីតិវិធី រហូតបញ្ជូនចេញពីកម្ពុជា»។

លោកស្នងការ​បានឱ្យដឹងទៀតថា​ ករណីបង្ខាំងនិងហិង្សានេះបានកើតឡើងនៅពេលដែលជនជាតិខ្មែរទាំង៥នាក់​ បានទៅយកអីវ៉ាន់ដែលផ្ញើមកពីវៀតណាមដើម្បីបញ្ជូនទៅកាន់ទីតាំងផ្សេងៗ តែពេលទៅដល់នោះក៏ត្រូវជនជាតិចិននិងវៀតណាមដែលជាជនបង្ក បានចាប់បង្ខាំងនិងប្រើហិង្សារហូតបង្កឱ្យមានការភ្ញាក់ផ្អើលនៅកន្លែងកើតហេតុ ហើយកម្លាំងសមត្ថកិច្ចទាំងព្រហ្មទណ្ឌ និងអន្តរាគមន៍បានទៅជួយធ្វើអន្តរាគមន៍ និងឈានដល់ការចាប់ខ្លួនពួកគេទាំងនេះមកកាន់ស្នងការដ្ឋាននគរបាលខេត្តភ្លាមៗតែម្តង៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print