ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅម៉ោង១១ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ បានទទួលបដិសណ្ឋារកិច្ច និងជួបពិភាក្សាទ្វេភាគីជាមួយ លោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៉ីប្រាហ៉ីម នាយករដ្ឋមន្រ្តីម៉ាឡេស៉ី ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា ធ្វើឡើងនៅវិមានសន្តិភាព។
សូមបញ្ជាក់ថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ី ចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៣នេះ តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
នាយករដ្ឋមន្ត្រីប្រទេសទាំងពីរ មានជំនួបទ្វេភាគីដើម្បីរិះរករបៀប និងវិធីសាស្ត្រថ្មីៗ សំដៅធ្វើឱ្យ កាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីដ៏យូរលង់ ដែលគ្រប់ដណ្ដប់លើកិច្ចសហប្រតិបត្តិការ គ្រប់វិស័យ រាប់ចាប់ពីនៅក្នុងវិស័យនយោបាយ-សន្តិសុខ សេដ្ឋកិច្ច រហូតដល់វិស័យសង្គម-វប្បធម៌។ នាយករដ្ឋមន្ត្រីទាំងពីរ ក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើបញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួមផងដែរ។
បន្ទាប់ពីជំនួប នាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើគំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការមួយចំនួន និងធ្វើសន្និសីទសារព័ត៌មានរួមគ្នា៕
ដោយ : សហការី