ខេត្តកំពង់ស្ពឺ៖ សម្រស់ធម្មជាតិភ្នំខ្នងផ្សា របានអង្រួនបេះដូងមនុស្សគ្រប់ទិសទីឱ្យមកកម្សាន្តតំបន់នេះ ភ្នំខ្នងផ្សារគ្របដណ្តប់ដោយវាលស្មៅទំហំ១៤៤ហិកតា ពណ៌បៃតងខៀវខ្ចីនាវស្សាន្តរដូវ និងពណ៌មាសនាសរទរដូវ និងសិសិររដូវ។ នេះបេីយោងតាមប្រភពព័ត៌មានពីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃចន្ទទី២៧ ខែមីនា ឆ្នាំ២០២៣នេះ។
ក្រសួងបរិស្ថានបានឱ្យដឹងទៀតថា ភ្នំខ្នងផ្សារ ស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវាញ យើងធ្វើដំណើរពីភ្នំពេញតាមផ្លូវជាតិលេខ៤ ឬផ្លូវល្បឿនលឿន និងតាមផ្លូវលេខ៤៤ ទៅកាន់ភូមិតាំងបំពង់ (តំបន់រលាក់កងជើង) ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ១៤០គីឡូម៉ែត្រ ហើយយើងធ្វើដំណើរដោយម៉ូតូ/គោយន្ត/ថ្មើរជើង ចម្ងាយ ៥,៥គីឡូម៉ែត្រដល់ដំណាក់ទី១ ហើយបន្តដំណើរដោយថ្មើរជើង ៥គីឡូម៉ែត្រដល់ទីបោះតង់។
សូមជម្រាបថា ក្រសួងបរិស្ថាន កន្លងទៅថ្មីៗនេះ ក៏បានលើកឡើងថា ខ្នងផ្សារ និងខ្នងសំពៅ ស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ក្នុងភូមិសាស្ត្រខេត្តកោះកុង និងខេត្តកំពង់ស្អឺ។
ដោយឡែកវាលស្មៅពណ៌បៃតង ខៀវស្រងាត់ ប្រែជាពណ៌មាស ដ៏ស្រស់ស្អាតបែបស្រគត់ស្រគំ និង រ៉ូមែនទិក ! ជំនោរខែកត្តិក ត្រជាក់ បក់ផាត់វាលស្មៅពណ៌មាស រេរាំនៅលើកំពូលភ្នំ បង្កើតជាទស្សនីយភាពដ៏គួរអោយគយគន់។ ខ្នងផ្សារ ស្ថិតនៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ដែលមានជាប់រវាងខេត្តកោះកុង និងខេត្តកំពង់ស្ពឺ តែបើយើងធ្វើដំណើរពីស្រុកឱរ៉ាល់មានចម្ងាយជិតជាង ដោយថ្មើរជើងប្រមាណ៩គីឡូម៉ែត្រពីជើងភ្នំ និងប្រមាណ១២គីឡូម៉ែត្រពីភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ៕ដោយ៖សហការី