ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់ទស្សនៈចំនួន ៤ចំណុច ដល់សាសនិកអ៊ិស្លាម ដើម្បីលើកកម្ពស់សេរីភាពជំនឿសាសនា និងចីរភាពនៃសុខដុមនីយកម្មនៅកម្ពុជា។
សូមបញ្ជាក់ថា ៖ ទស្សនៈទាំង៤ចំណុច របស់សម្តេចតេជោ ហ៊ុន សែន រួមមាន៖
ទី១-រាជរដ្ឋាភិបាលកម្ពុជាលើកកម្ពស់សេរីភាពជំនឿសាសនា លើកកម្ពស់ចីរភាពនៃសុខដុមនីយកម្មជំនឿសាសនា និងសុខសន្តិភាព ដែលជាកត្តាដ៏សំខាន់ និងចាំបាច់មិនអាចខ្វះបានសម្រាប់គ្រប់ការអភិវឌ្ឍប្រទេសជាតិ និងវិបុលភាពសេដ្ឋកិច្ចនិងសង្គមកម្ពុជា។
ទី២-ក្រសួងធម្មការនិងសាសនា និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវសហការគ្នាក្នុងការផ្តល់លក្ខណៈងាយស្រួលដល់ការគោរពប្រណិប័តន៍ជំនឿសាសនា សហការជិតស្និទ្ធជាមួយថ្នាក់ដឹកនាំ និងសហគមន៍សាសនា ដោយឈរលើគោលការណ៍សុខដុមនីយកម្មជំនឿសាសនា និងសម្រួលដល់ការងារកសាងវិហារអ៊ិស្លាមនៅតាមបណ្តាភូមិ ដែលមានសាសនិកអ៊ិស្លាមរស់នៅច្រើន តាមតម្រូវការជាក់ស្តែង។
ទី៣-គណៈដឹកនាំជាន់ខ្ពស់នៃសាសនាអ៊ិស្លាមកម្ពុជាត្រូវពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិ ដើម្បីកៀរគរទាំងជំនួយបច្ចេកទេស និងហិរញ្ញវត្ថុសំដៅរួមចំណែកដល់ការលើកកម្ពស់ជីវភាពសហគមន៍ខ្មែរអ៊ិស្លាម តាមរយៈការអភិវឌ្ឍមូលធនមនុស្សសម្រាប់ការទទួលនិងការផ្ទេរបច្ចេកវិទ្យា និងនវានុវត្តន៍ដល់សហគមន៍ខ្មែរអ៊ិស្លាម។
ទី៤-សូមលើកទឹកចិត្តខ្ពស់ដល់សាសនិក-សាសនិកាអ៊ិស្លាមឱ្យគោរពយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ដ៏វិសុទ្ធនៃពិធីបុណ្យរ៉ាម៉ាឌន និងសូមលើកទឹកចិត្តឱ្យមានការចូលរួមលើកកម្ពស់សុខដុមនីយកម្មជាតិសាសន៍ និងជំនឿសាសនានៅកម្ពុជា តាមរយៈការបង្កើតទំនាក់ទំនងល្អ សាមគ្គីភាព និងការមិនរើសអើងពូជសាសន៍ និងសាសនាដទៃ។
សម្តេចថ្លែងនាឱកាសដែលសម្តេច និងលោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អញ្ជើញជាអធិបតីក្នុងឱកាសពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាអ៊ិស្លាមកម្ពុជាលើកទី៧ ដែលបានរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជ្រោយចង្វា នៅល្ងាចថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣នេះ ៕
ដោយ ៖ សហការី