ខេត្តបាត់ដំបង៖ នៅក្នុងផ្សារធំថ្មីបាត់ដំបង ហៅផ្សារណាត់ ស្ថិតនៅចំកណ្តាលក្រុងបាត់ដំបង កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ គេសង្កេតឃើញមានភាពស្ងាត់ជ្រងំ ដោយអាជីវករលក់ដូរក្នុងផ្សារនោះដែលមានជាង១ពាន់តូបបាននាំគ្នាបិតតូបជាបន្តបន្ទាប់ដើម្បីទៅតវ៉ានៅខាងមុខសាលាក្រុងបាត់ដំបង ធ្វើឡើងនៅរសៀលថ្ងៃដដែល ប្រឆាំងតវ៉ាពាក់ព័ន្ធនិងការតំឡើងពន្ធដាររបស់រដ្ឋខ្ពស់ពេកដែលពួកគាត់មិនអាចទទួលយកបាន។
បើតាមប្រភពព័ត៌មានពីអាជីវករប្រាប់ឱ្យដឹងថា ការប្រឆាំងតវ៉ានៃការតំឡើងពន្ធដារខ្ពស់ពេកដែលរដ្ឋគ្រោងនិងអនុវត្តនៅពេលខាងមុខនេះ គឺធ្វើប៉ះពាល់ដល់ការប្រកបមុខរបរ ពួកគាត់ជាខ្លាំងខណៈដែលពួកគាត់ប្រកបមុខរបររាល់ថ្ងៃលក់មិនសូវដាច់ ដោយពីមួយថ្ងៃទៅមួយថ្ងៃមនុស្សកាន់តែតិចទៅៗ ខុសប្លែកកាលពី៥ទៅ៦ឆ្នាំមុន។ កន្លងមកខាងអាជ្ញាធរក្រុងបាត់ដំបងធ្លាប់បានកោះហៅអាជីវករទៅប្រជុំផ្សព្វផ្សាយដើម្បីតំឡើងពន្ធដារ។
អាជីវករលើកឡើងទៀតថា កាលពីមុនពួកគាត់បង់ពន្ធប៉ាតង់១តូបក្នុង១ឆ្នាំ៣ម៉ឺនរៀល និងបង់ពន្ធប្រចាំខែ១តូប៣ម៉ឺនរៀលដូចគ្នាផងដែរ។ លុះបន្ទាប់មករដ្ឋគ្រោងនិងតំឡើងពន្ធប៉ាតង់១ឆ្នាំ៣ម៉ឺនរៀលទៅ៤០ម៉ឺនរៀល និងពន្ធប្រចាំខែ១ខែ ៣ម៉ឺនរៀលទៅជិត២០ម៉ឺនរៀល។
ជុំវិញនៃការបិតតូបរបស់អាជីវករផ្សារធំថ្មី ខេត្តបាត់ដំបង ហៅផ្សារណាត់ ហើយគ្រោងទៅតវ៉ាខាងមុខសាលាក្រុងបាត់ដំបងនៅរសៀលថ្ងៃទី១៧ ខែមិថុនា នេះគេមិនដឹងថាតើអាជ្ញាធរក្រុងបាត់ដំបង គ្រោងនិងដោះស្រាយយ៉ាងណានោះទេជាមួយអាជីវករទាំងនោះ៕
ដោយ៖ សំ វិច្ឆិកា