ខេត្តកំពង់ឆ្នាំង៖ ទីតាំងល្បែងកន្ទុយលេខដ៏ធំមួយកន្លែងត្រូវបានប្រជាពលរដ្ឋឲ្យដឹងថា កំពុងតែបើកលេងពេញបន្ទុក ដោយគ្មានសមត្ថកិច្ចមូលដ្ឋានឬថ្នាក់លើអើពើឡើយ ដែលបានរុញឲ្យភូមិ-ឃុំមានសុវត្ថិភាពកាន់តែធ្លាក់ជ្រៅទៅៗ ដោយសារតែពុំមានសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានអត់ខ្វាយខ្វល់ក្នុងករណីនេះ ។
ប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា ទីតាំងល្បែងស៊ីសងមួយនេះ គឺស្ថិតនៅទល់មុខសាលាឯកជន ឡាយប្រីឌ ដែលជ្រកក្រោមស្លាកផ្ទះសំណាក់ លីហួរ ស្ថិតនៅក្នុងភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។
ប្រជាពលរដ្ឋដែលនៅក្បែរនោះបានប្រាប់ឲ្យដឹងថា ជារៀងរាល់ថ្ងៃមនុស្សម្នាជាច្រើនដែលញៀននិងល្បែងតែងតែបាននាំគ្នាយកលុយចាក់កន្ទុយលេខដូចបណ្តើរគ្នាទៅផ្សារអីចឹង អ្នកមកលេងកន្ទុយលេខនេះគឺចាប់តាំងពីព្រឹករហូតដល់ល្ងាច ដែលម្ចាស់នៅទីនោះសប្បាយកើបលុយជារៀងរាល់ថ្ងៃដោយមិនគិតពីល្មើសច្បាប់នោះឡើយ ។
បច្ចុប្បន្នល្បែងកន្ទុយលេខក្នុងខេត្តកំពង់ឆ្នាំងនៅតែបន្តរីករាលពីជនបទទៅដល់ខេត្តដោយពុំមានការហាមឃាត់ពីសមត្ថកិច្ចនោះឡើយ ដែលករណីល្បែងស៊ីសងនេះវានឹងធ្វើឲ្យគោលនយោយបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុចមានការធ្លាក់ចុះ ហើយវានឹងធ្វើឲ្យកើតមានបញ្ហានឹងកើតឡើងកាន់តែច្រើន ជាពិសេសអំពើចោរកម្មនិងអំពើហិង្សាក្នុងគ្រួសារដែលកើតចេញពីល្បែងស៊ីសង។
ប្រជាពលរដ្ឋបានឲ្យដឹងថា បើអាជ្ញាធរនិងសមត្ថកិច្ចពុំធ្វើការទប់ស្កាត់នោះទេ វានឹងមានន័យថា ចូលរួមបំផ្លាញទាំងស្រុងនូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដែលបានដាក់ឲ្យអនុវត្តដោយរាជរដ្ឋាភិបាល ។
ករណីនេះប្រជាពលរដ្ឋបានសំណូមពរឲ្យអភិបាលខេត្ត លោកស្នងការនគរបាលខេត្តលោកអធិការនគរបាលក្រុង មេត្តាជួយពិនិត្យមើលទីតាំងកន្ទុយលេខមួយនេះផង និងដើម្បីពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពឲ្យបានល្អ និងមានប្រសិទ្ធភាពខ្ពស់ ៕
ដោយ៖ ចន្ថា