គណៈរដ្ឋមន្ត្រីប្រទេស អារ៉ាប៊ីសាអ៊ូឌីត នៅថ្ងៃទី ២៩ខែមីនា បានចុះហត្ថលេខាចូលជាសមាជិក នៃកិច្ចសហប្រតិបត្តិការទីក្រុងសៀងហៃ SCO ក្នុងពេលដែលរដ្ឋាភិបាលទីក្រុង Riyadh បានបង្កើនការកសាងទំនាក់ទំនងដៃគូយូអង្វែងជាមួយចិន។
សារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣ បានផ្សាយថា នៅថ្ងៃពុធនេះ គណៈរដ្ឋមន្រ្តីនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានអនុម័តលើការសម្រេចចិត្តមួយ ដើម្បីចូលរួមក្នុងអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) ខណៈដែលទីក្រុងរីយ៉ាដកំពុងបន្តកសាងទំនាក់ទំនងរយៈពេលវែង ជាមួយចិន បើទោះបីជាទទួលបានការបង្ហាញក្តីបារម្ភពីសហរដ្ឋអាមេរិក ជុំវិញបញ្ហាសន្តិសុខក៏ដោយ។
អារ៉ាប៊ីសាអូឌីតបានអនុម័តលើអនុស្សរណៈ ដែលផ្តល់ឱ្យព្រះរាជាណាចក្រអារ៉ាប់មួយនេះ នូវឋានៈជាដៃគូសន្ទនានៅក្នុងអង្គការ SCO ដែលជាសម្ព័ន្ធនយោបាយនិងសន្តិសុខមួយ ប្រមូលផ្តុំដោយក្រុមប្រទេសនៅក្នុងតំបន់អឺរ៉ាស៉ី រួមមានទាំងចិន ឥណ្ឌា និងរុស្ស៉ី។ ប្រធានបទស្តីពីការចូលរួមក្នុងអង្គការ SCO ត្រូវបានពិភាក្សាកំលុងដំណើរបំពេញទស្សនកិច្ច របស់ប្រធានាធិបតីចិន លោក ស៉ី ជីនពីង នៅអារ៉ាប៊ីសាអ៊ូឌីតកាលពីខែធ្នូ ឆ្នាំ២០២២។ ឋានៈជាដៃគូសន្ទនាគឺជាការបោះជំហានដំបូង មុនពេលដែលប្រទេសសេដ្ឋីប្រេងមួយនេះ អាចទទួលបានសមាជិកភាពពេញលេញ។
អង្គការសហប្រតិបត្តិការក្រុងសៀងហៃ បានបង្កើតឡើងដំបូងនៅឆ្នាំ២០០១ ដោយចិន រុស្ស៉ី រួមជាមួយបណ្តាអតីតរដ្ឋសូវៀតនៅតំបន់អាស៉ីកណ្តាល អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ មកទល់ពេលបច្ចុប្បន្ន ត្រូវបានពង្រីកដោយរួមបញ្ចូលទាំងឥណ្ឌានិងប៉ាគីស្ថានថែមទៀត ក្រោមគោលដៅចង់ដើរតួនាទីធំជាងមុន ដើម្បីទប់ទល់ឥទ្ធិពលរបស់លោកខាងលិច នៅក្នុងតំបន់។ អ៉ីរ៉ង់ក៏ទើបតែបានចុះហត្ថលេខាលើឯកសារ ដើម្បីក្លាយជាសមាជិកពេញលេញរបស់អង្គការនេះ កាលពីឆ្នាំមុនផងដែរ។
យ៉ាងណាមិញ ការកើនឡើងនៃទំនាក់ទំនងរបស់ទីក្រុងរីយ៉ាដ ជាមួយទីក្រុងប៉េកាំង បានបង្កឱ្យទីក្រុងវ៉ាស៉ីនតោន ដែលជាសម្ព័ន្ធមិត្តសន្តិសុខជាយូរមកហើយរបស់ខ្លួន កាន់តែកើតក្តីព្រួយបារម្ភ។ ទីក្រុងវ៉ាស៉ីនតោនបានអះអាងថា ការប៉ុនប៉ងរបស់ចិនក្នុងការសាបព្រួសឥទ្ធិពលនៅជុំវិញពិភពលោក នឹងមិនផ្លាស់ប្តូរគោលនយោបាយ របស់សហរដ្ឋអាមេរិក ចំពោះតំបន់មជ្ឈិមបូព៌ាឡើយ។
កន្លងមកនេះអារ៉ាប៊ីសាអ៊ូឌីតនិងបណ្តារដ្ឋអារ៉ាប់ដទៃទៀត ដែលនៅជាប់ឈូងសមុទ្រពែរ្ស បាននាំគ្នាបង្ហាញក្តីកង្វល់ចំពោះ អ្វីដែលពួកគេមើលឃើញថា ជាការដកខ្លួនឃ្លាតឆ្ងាយចេញពីតំបន់នេះ ដោយសហរដ្ឋអាមេរិក ដែលជាអ្នកធានាសន្តិសុខចម្បង ហើយពួកគេក៏បានចាប់ផ្តើមធ្វើពិពិធកម្មដៃគូ។ ទោះជាបែបនេះក្តី ទីក្រុងវ៉ាស៉ីនតោននិយាយថា ខ្លួននឹងនៅតែជាដៃគូមួយយ៉ាងសកម្មក្នុងតំបន់៕
រូបថត : Sputnik