ភ្នំពេញ៖ នាព្រឹកថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០១៦នេះ ក្រុមការងារគម្រោងវិជ្ជាសង្គ្រោះបឋម សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ឧបត្ថម្ភដោយកាកបាទក្រហមជប៉ុន ដឹកនាំដោយ លោក ឆេ យ៉ត មន្ត្រីគម្រោង ចុះបង្ហាត់បង្ហាញផ្សព្វផ្សាយវិជ្ជាសង្គ្រោះបឋមការពារ (First Aid Prevention) ដល់សិស្សានុសិស្ស នៅសាលាបឋមសិក្សាប៉ូយ៉ុង ទ្រនំជ្រឹង ប្រមាណ៣២០នាក់ សិស្សនៃអនុវិទ្យាល័យបឹងធំ ប្រមាណ៣០០នាក់ និងនៅសាលាបឋមសិក្សាសុភមង្គល ប្រមាណ២០០នាក់។
ក្នុងឱកាសនោះ ក្រុមការងារបានលើកប្រធានបទមកបង្ហាត់បង្ហាញរួមមាន៖ រលាក(ទឹកក្ដៅ, ភ្លើង) លង់ទឹក សត្វទិច រន្ទះ និងស្លាក់។ ល។ ព្រមទាំងបានផ្ដល់កាបូបសង្គ្រោះបឋមជូនសាលាទាំងបីផងដែរ ។
គោលបំណងនៃការចុះផ្សព្វផ្សាយនេះគឺ ដើម្បីឲ្យកុមារទាំងអស់ចេះនូវវិជ្ជាសង្គ្រោះបឋម និងសំដៅចូលរួមចំណែកសម្រេចនូវផែនការយុទ្ធសាស្ត្រកាកបាទក្រហមកម្ពុជា (២០១១-២០២០) ដែលបានកំណត់ថា ក្នុង ១គ្រួសារត្រូវមានអ្នកចេះវិជ្ជាសង្គ្រោះបឋមម្នាក់៕
ដោយ៖ សីលា