សម្ដេចតេជោ​ ហ៊ុន​ សែន​៖​ ថ្លែង​ប្រសាសន៍សំខាន់ៗ នាឱកាសអញ្ជើញប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រជាង៦ពាន់នាក់

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​ នាព្រឹកថ្ងៃទី៣០ ខែមីនា​ ឆ្នាំ​២០២៣នេះ​ បានថ្លែង​ប្រសាសន៍​សំខាន់​ៗ​ នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ សរុប៦,០៥១នាក់ ស្រី ៣,៨៩៥នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ខាងក្រោមនេះ​ជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ​ ហ៊ុន​ សែន​៖

សម្តេចតេជោ ថ្លែង​ថា ឆ្នាំ២០២៣ ត្រឹមថ្ងៃ៣០ ខែមីនានេះ សម្ដេចបានធ្វើជាអធិបតីចែកសញ្ញាបត្រដល់និស្សិតមិនក្រោម ៣ម៉ឺននាក់នោះទេ ខណៈសម្ដេចនឹងត្រូវទទួលជាអធិបតីពិធីចែកសញ្ញាបត្រដល់និស្សិតនៅតាមបណ្ដាសាលាមួយចំនួនទៀតនាពេលខាងមុខ។

សម្តេចតេជោ ថ្លែង​រម្លឹកថា សម្ដេចធ្លាប់បានទៅបង្រៀននៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រចំនួន ២ដង តាំងពីសាលានេះបានបង្កើតឡើងដំបូង ក្នុងឆ្នាំ១៩៧៩ មានឈ្មោះថា «សាលាបច្ចេកទេសពាណិជ្ជកម្មមជ្ឈិម» ស្ថិតក្រោមឱវាទក្រសួងពាណិជ្ជកម្ម។

សម្តេចតេជោ ថ្លែង​ថា កាលពីមុនកម្ពុជាហ្វឹកហាត់យុវជនឱ្យចេះច្បាំងដោយបានបញ្ជូនទៅហ្វឹកហាត់នៅតាមបណ្ដាប្រទេសមួយចំនួន ប៉ុន្ដែពេលនេះប្រទេសកម្ពុជាមានសុខសន្ដិភាព រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ហ្វឹកហាត់ និងបណ្ដុះបណ្ដាលយុវជនលើចំណេះដឹង និងជំនាញវិជ្ជាជីវៈ ដើម្បីឱ្យយុវជនចូលរួមក្នុងការកសាងជាតិមាតុភូមិ។

សម្តេចតេជោ ថ្លែងថា នាពេលខាងមុខ រាជរដ្ឋាភិបាល នឹងផ្ដល់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជន សិស្ស និស្សិតក្រីក្រចំនួន ១,៥ លាននាក់ ហើយការបណ្ដុះបណ្ដាលនេះ រាជរដ្ឋាភិបាលជាអ្នកឧបត្ថម្ភថវិកា។

សម្តេចតេជោ ប្រកាសជំរុញការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈឱ្យបានច្រើន និងសំបូរបែប ដើម្បីបំពេញតម្រូវការវិនិយោគិននៅកម្ពុជា ដែលកំពុងមានតម្រូវការធនធានមនុស្សដែលមានជំនាញវិជ្ជាជីវៈជាច្រើន។

សម្តេចតេជោ ថ្លែង​ថា វិបត្តិតែងបង្កប់នូវកាលានុវត្តភាព។ ពេលវិបត្តិកូវីដ-១៩ កម្ពុជា បានចាប់ឱកាសជំរុញលើការប្រើប្រាស់ប្រព័ន្ធ Digital នៅកម្ពុជា ជាពិសេសក្នុងវិស័យអបរំ ដែលក្រសួងអបរំ យុវជន និងកីឡា បានផ្ដល់ការសិក្សាដល់សិស្សតាមប្រព័ន្ធ Online ជំនួសឱ្យការរៀនដោយផ្ទាល់នៅក្នុងថ្នាក់ដើម្បីបញ្ចៀសហានិភ័យកូវីដ-១៩នាពេលនោះ។

សម្តេចតេជោ ថ្លែង​ថា អ្វីៗដែលកើតឡើងតាំងពីជាង៤០ឆ្នាំមុនរហូតមកដល់ពេលនេះ គឺមិនត្រូវឱ្យបាត់បង់ទេ ជាពិសេសសាលារៀន គឺមិនត្រូវឱ្យបាត់បង់ជាដាច់ខាត ដែលសាលារៀនជាមូលដ្ឋានក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា ដូច្នេះត្រូវរួមគ្នារក្សាឱ្យបាននូវសុខសន្ដិភាពរបស់កម្ពុជា។

សម្តេចេតជោ​ ថ្លែង​ថា សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែននឹងត្រូវបញ្ចប់ គ្រាន់តែមិនដឹងថាវាត្រូវបញ្ចប់នៅពេលណាប៉ុណ្ណោះ។ សម្តេចបន្តថា «រុស្ស៊ីមិនអាចកម្ទេចអ៊ុយក្រែនបានឡើយ ហើយអ៊ុយក្រែនក៏មិនអាចកម្ទេចរុស្ស៊ីបានដែរ»។

សម្តេចតេជោ ថ្លែង​ថា តាមរយៈទស្សនកិច្ចរបស់ប្រទេសមហាអំណាចធំៗទាំងនៅរុស្ស៊ី និងអ៊ុយក្រែន នឹងក្លាយជាលទ្ធផលមួយ ដែលអាចធ្វើឱ្យសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបានចប់ គឺដោយការចរចាគ្នាសន្តិវិធី។

សម្តេចតេជោ ថ្លែង​ថា បញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នឹងត្រូវបញ្ចប់ ហើយកំពុងឈានទៅដល់ការដោះស្រាយផងដែរ ដែលដំណើរនេះកំពុងឈានទៅមុខហើយ។

សម្តេចតេជោ ថ្លែងថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែននឹងត្រូវបញ្ចប់ ក៏ប៉ុន្ដែបញ្ហាដែលមិនអាចបញ្ចប់ គឺបញ្ហានៃការប្រែប្រួលអាកាសធាតុ ដែលមិនដឹងថាបញ្ចប់នៅពេលណានោះទេ ខណៈដែលកាលល្ងាចថ្ងៃទី២៩ ខែមីនា នៅខេត្តសៀមរាប បានរងពីឥទ្ធិពលព្យុះបណ្ដាលឱ្យមានមនុស្សស្លាប់ របួស និងខូចខាតទ្រព្យសម្បត្តិជាច្រើន។

សម្តេចតេជោ ប្រកាសដល់ជននិយមការរិះគន់រាជរដ្ឋាភិបាលមួយចំនួន នៅក្រៅប្រទេស ពីការយល់ខុស និងស្ថានភាពជាក់ស្តែងនៅប្រទេសកម្ពុជា។ សម្តេចបញ្ជាក់ថា «សុខទុក្ខរបស់ប្រជាពលរដ្ឋ ត្រូវបានគិតគូរជាប់ជានិច្ច»។ 

សម្តេចតេជោ បានចំអកទៅកាន់ក្រុមប្រឆាំងថា ចោទសម្តេចថា ក្រាញអំណាច ប៉ុន្តែ ពួកគេវិញបែរជាខិតខំស្វែងរកមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីដណ្តើមអំណាចទៅវិញ ហើយអ្នកខ្លះដេកយល់សប្តិចង់ក្លាយជានាយករដ្ឋមន្ត្រី ហើយខ្លះទៀត តាំងខ្លួនជានាយករដ្ឋមន្រ្តីតាមហ្វេសប៊ុកទៅទៀត។ 

សម្តេចតេជោ ថ្លែង​ថា បញ្ហាសេដ្ឋកិច្ចកំពុងប្រកាសអាសន្ន ប៉ុន្ដែការប្រកាសអាសន្ននេះ សម្ដេចបានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋនាំគ្នាទៅដកប្រាក់ពីធនាគារនោះទេ ដែលជាសកម្មភាពមួយធ្វើឱ្យងាប់សេដ្ឋកិច្ច និងដួលរលំធនាគារខ្លួនឯងទៅវិញទេ។

សម្ដេចតេជោ​ ថ្លែង​ថា ការប្រកាសពីវិបត្តិសេដ្ឋកិច្ចនេះ ក៏ជាកត្តាចិត្តសាស្រ្ដផ្នែកសេដ្ឋកិច្ចសកលមួយដែរ ដូច្នេះប្រទេសកម្ពុជាមិនទាន់ដល់កម្រិតដែលពលរដ្ឋត្រូវភិតភ័យលើបញ្ហានេះនោះទេ។ សម្ដេចសង្ឃឹមថា បញ្ហានេះពិភពលោកនឹងរកវិធីដោះស្រាយបាននាពេលឆាប់ៗខាងមុខ។

សម្តេចតេជោ ថ្លែង​ថា កម្ពុជាមិនទាន់ឈ្នះសង្គ្រាមកូវីដ-១៩ទាំងមូលទេ គឺបានឈ្នះត្រឹមសមរភូមិកូវីដ-១៩ ប៉ុណ្ណោះ ពីព្រោះបញ្ហាកូវីដ-១៩នេះ យើងមិនដឹងថានឹងមានអ្វីកើតឡើងថែមទៀតទេ ដូច្នេះមានរឿងច្រើនណាស់ដែលរាជរដ្ឋាភិបាលត្រូវគិតគូរទុកជាមុនដើម្បីបង្ការជំងឺឆ្លងនេះ។

សម្តេចតេជោ​ ថ្លែងថា ឥឡូវនេះសេដ្ឋកិច្ចកម្ពុជាកំពុងស្ថិតនៅក្នុងសេដ្ឋកិច្ចទីផ្សារសេរី ដូច្នេះសម្ដេចផ្ដាំដល់ប្រជាពលរដ្ឋ និងសិស្ស និស្សិត កំពុងចាញ់បោកការឃោសនារបស់បុគ្គលមួយចំនួន ដែលអះអាងថា រដ្ឋមិនគិតលើថ្លៃទឹក ភ្លើងឱ្យសោះ ពីព្រោះសេដ្ឋកិច្ចទីផ្សារ គឺជាការប្រកួតប្រជែងនៅក្នុងទីផ្សារ។

...

សម្តេចតេជោ បានអំពាវនាវគ្រប់ស្ថាប័នទាំងអស់ទាំងថ្នាក់ជាតិ និងក្រោមជាតិ សូមកុំឱ្យប្រពន្ធ-កូន លូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្តី ដែលជាកិច្ចការមួយត្រូវប្រុងប្រយ័ត្នបំផុត ដើម្បីប្រសិទ្ធភាពការងារ និងបញ្ចៀសការរិះគន់…[] «កុំឱ្យប្តីស័ក្តិ៣, ប្រពន្ធស័ក្តិ៤ ,កូនស័ក្តិ៥»៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print