ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន បានចាត់ទុកជនអាក្រក់នៅក្រៅប្រទេសផ្សព្វផ្សាយ កាឡៃការពិតពីកម្ពុជា ជាក្មេងពាលកែមិនឡើង។ សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលបានលើកឡើងពីបញ្ហានយោបាយវាយបកទៅក្រុមប្រឆាំងនៅក្រៅប្រទេសយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រជាង ៦ពាន់នាក់នៅកោះពេជ្រ នាព្រឹកថ្ងៃទី ៣០មីនានេះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានវាយបកទៅក្រុមប្រឆាំងនៅក្រៅប្រទេសដោយចាត់ទុកជនអាក្រក់ ដែលផ្សព្វផ្សាយកាឡៃការពិតពីកម្ពុជា ទាំងនោះថា ជាក្មេងពាលកែមិនឡើង។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បែបនេះ ដោយសារជានិច្ចកាលក្រុមប្រឆាំងនៅក្រៅប្រទេស តែងតែងវាយប្រហារមកលើសម្តេច ដោយមិនមានការពិតទាំងអស់ជាពិសេស ក្នុងពេលដែលលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានមកបំពេញទស្សនកិច្ចនៅកម្ពុជាថ្មីៗ ពួកគេបានបំភ្លៃការពិតថា លោកនាយករដ្ឋមន្ត្រីម៉ាស៊ី ដាតុ ស៊េរី ប៊ីនប្រាហ៊ីម មកណែនាំសម្តេច។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការលើកដំបូង របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនៅ ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ក្នុងគោលបំណងបន្តធ្វើឲ្យស៊ីជម្រៅ បន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែង និងរឹងមាំលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ។
សូមបញ្ជាក់ថា, នៅថ្ងៃនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាអំពាវនាវឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះបញ្ហាបម្រែបម្រួលអាកាសធាតុដែលកំពុងកើតមាន និងសម្តែងការព្រួយបារម្ភដោយមិនដឹងថាបញ្ហានេះអាចបញ្ចប់នៅពេលណានោះទេ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «ឥឡូវនេះ ពីមួយថ្ងៃទៅមួយថ្ងៃ ការប្រែប្រួលអាកាសធាតុបានធ្វើឱ្យមានការផលប៉ះពាល់ធំទូលាយណាស់»។
សម្តេចតេជោក៏បានលើកពីបាតុភូតដែលកើតឡើងនៅខេត្តសៀមរាប មានភ្លៀង និងខ្យល់កន្ត្រាក់បណ្តាលឱ្យមានអ្នកស្លាប់ និងរបួស ខណៈឆ្នាំនេះកម្ពុជាបានជួបប្រទះនឹងទឹកជំនន់ខែប្រាំង ដែលមិនធ្លាប់មានពីមុនមក។
សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងទៀតថា នៅប្រទេសថៃក៏កំពុងតែរងគ្រោះដោយខ្យល់កខ្វក់បោកបក់ទៅលើខេត្តមួយចំនួន ហើយនៅឥណ្ឌាខ្យល់កខ្វក់ក៏កើតមាន រីឯនៅរដ្ឋមួយក្នុងសហអាមេរិកក៏មានខ្យល់គួចកើតឡើងផងដែរ។
សម្តេចក៏បានគូសបញ្ចាក់ថា ក្នុងពិភពលោកបញ្ហាប្រែប្រួលអាកាសធាតុគឺជាបញ្ហាធំណាស់ដែលទាមទារឱ្យមានការប្រុងប្រយ័ត្ន ខណៈបញ្ហាបម្រែបម្រួលនេះមិនអាចដឹងថានឹងនាំផលអាក្រក់អ្វីខ្លះនោះទេ ៕
ដោយ : សិលា