Update : ស្រ្តីដែលរៀនបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ត្រូវសមត្ថកិច្ចឃាត់ខ្លួនសួរនាំ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចនគរបាលស្រុកអូរជ្រៅបានឃាត់ខ្លួនស្ត្រីដែលរៀនបើកបរហើយបុករះបណ្តាលឱ្យស្លាប់មនុស្ស២នាក់និងរបួសធ្ងន់ស្រាល៦នាក់នៅផ្សារគុត្តសត កាលពីល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅមុខផ្សារគុត្តសតក្នុងភូមិគុត្តសត ឃុំគុត្តសត ស្រុកអូរជ្រៅ ត្រូវឃាត់ខ្លួនបានហើយ។

    មន្ត្រីនគរបាលចរាចរណ៍ស្រុកអូរជ្រៅបានប្រាប់ថា៖ ស្ត្រីដែលបើកបររថយន្តបុករះត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននោះមានឈ្មោះ ដួង ផាវី អាយុ៤០ឆ្នាំ រស់នៅភូមិយាយអត ឃុំគុត្តសត ស្រុកអូរជ្រៅ។ មន្ត្រីនគរបាលចរាចរណ៍បានបញ្ជាក់ថា៖ កាលពីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នៅចំណុចមុខផ្សារគុត្តសតមានគ្រោះថ្នាក់ចរាចរណ៍មួយបង្កដោយស្ត្រីឈ្មោះ ដួង ផាវី រៀនបើកបររថយន្តឡិចស៊ីសRX.300 ពាក់ផ្លាកលេខសៀមរាប2C.0898 ជាមួយបងប្រុសបង្កើតជាអ្នកបង្រៀនបានបើកបរបុករះមនុស្សនៅមុខផ្សារបណ្តាលឱ្យស្លាប់១នាក់នៅនឹងកន្លែងនិងរបួសធ្ងន់ស្រាលចំនួន៧នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ តែអកុសលធ្វើឱ្យមនុស្សម្នាក់ទៀតស្លាប់និងក្មេងស្រីម្នាក់របួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តសៀមរាប។

   មន្ត្រីនគរបាលចរាចរណ៍ស្រុកអូរជ្រៅបានបញ្ជាក់ថា៖ ក្រោយពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមន្ត្រីនគរបាលជំនាញបានចុះទៅដល់ភ្លាមៗឃាត់ខ្លួនអ្នកបើកបរជាស្ត្រីម្នាក់យកមកកាន់អធិការដ្ឋាននគរបាលស្រុកអូរជ្រៅដើម្បីសួរនាំ។

    តាមចម្លើយរបស់ជនសង្ស័យថា ខ្លួនពិតជាបានរៀនបើកបរជាមួយបងប្រុសជាអ្នកបង្រៀនប្រាកដមែន ពេលបើកបរស្រាប់តែច្រឡំជាន់ហ្គារ ថាហ្វ្រ័ងទើបបណ្តាលឱ្យបុករះស្លាប់មនុស្សចំនួន២នាក់ ១-ឈ្មោះ សាប់ និន ភេទស្រីអាយុ៥៨ឆ្នាំ ២.ឈ្មោះ ង៉ា ពឹម ឃៀង ភេទប្រុស អាយុ៤ឆ្នាំ និងរបួសធ្ងន់ស្រាល៦នាក់មានក្មេងស្រីឈ្មោះ គុជ សៀវអុី អាយុ២ឆ្នាំត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តសៀមរាបផងដែរ៕ ដោយវណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print