ភ្នំពេញ; សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ថ្លែងសារមិនឱ្យមានការលក់សំបុត្រ ចូលមេីលព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) កម្ពុជា ។
នៅរសៀលមុននេះបន្តិច ! សម្ដេចតេជោ ហ៊ុនសែន បានផ្ញើសារយ៉ាងដូច្នេះថា, មុននេះបន្តិច ! ខ្ញុំបានទទួលព័ត៌មានតាមរយៈសម្ដេចពិជ័យសេនា ទៀបាញ់ ថាមានការផ្សព្វផ្សាយទាក់ទងទៅនឹង លក់សំបុត្រចូលក្នុងពិធីបើក និងពិធីបិទ SEA Games ករណីនេះទាមទារឲ្យខ្ញុំ ចេញសារជាបន្ទាន់ដើម្បីជម្រាបជូន ទៅអ្នកទទួលខុសត្រូវទាំងឡាយ ទាក់ទងទៅនឹងការប្រកួតស៊ីហ្គេម នាពេលខាងមុខនេះ។
សម្ដេចតេជោមានប្រសាសន៍បន្តថា, យើងបានចំណាយប្រាក់ទាំងមូលដ្ឋានសម្ភារៈ បច្ចេកទេស ក៏ដូចជាសម្ភារៈ ពីមិត្តចិនសម្រាប់ កសាងនូវមូលដ្ឋាននៃការប្រកួត ព្រមទាំងចំណាយធនធានជាច្រើនដើម្បី កសាងហេដ្ឋារចនាសម្ព័ន្ធ ដទៃទៀតរាប់រយលានដុល្លារ និងចំណាយជាច្រើនឆ្នាំទម្រាំ បានកើតចេញជារូបរាងនេះសម្រាប់ការប្រកួត។
សម្ដេចបន្តថា, ដូច្នេះគឺខ្ញុំមិនយល់ព្រមជាដាច់ខាត ឱ្យមានការលក់សំបុត្រ ទាំងការពេលចូលបើក ទាំងការពេលបិទកម្មវិធី ក៏ដូចជាការប្រកួតកីឡាផ្សេងៗទៀត នៅក្នុងរយៈពេលសុីហ្គេម។
សម្ដេចមានប្រសាសន៍ទៀតថា , ខ្ញុំមិនយល់ព្រមដាច់ខាត ជាមួយនឹងការធ្វើបែបនេះ ! តើអ្នកថា ឮមានការផ្សព្វផ្សាយតាម website នៃខាងផ្នែកកីឡា ដែលមិនមានការអនុញ្ញាតណាមួយ ពីសម្ដេចពិជ័យសេនាទៀបាញ់ ហើយក៏កាន់តែគ្មានការអនុញ្ញាត ពីខ្លួនខ្ញុំ ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សម្ដេចមានប្រសាសន៍ថា, ដូច្នេះខ្ញុំសូមដាក់ចេញបទបញ្ជា ។ ទី១-មិនឱ្យមានការលក់សំបុត្រ ទាំងការចូលបើក និងពិធីចូលបិទ ទី២-ឱ្យបងប្អូនចូលមើល ចូលទស្សនា ដោយសេរី ដោយគ្មានការបង់ប្រាក់ និងទី៣-ចំពោះការប្រកួតតាមវិញ្ញាសានានា ក៏មិនត្រូវបង់ថ្លៃណាមួយនោះឡើយ។ ក្រុមណា ផ្នែកណាដែលទទួល ដែលអនុវត្តខុសពីនេះ នឹងត្រូវទទួលខុសត្រូវនៅចំពោះមុខនាយករដ្ឋមន្ត្រី ឬចំពោះមុខច្បាប់ទៀតផង។
សម្ដេចបានលើកឡើងថា, យើងបានធ្វើកិច្ចការច្រើនហើយ សូមអ្នកទាំងអស់គ្នាយកចិត្តទុកដាក់ ធ្វើបុណ្យ 100 សំពៅ ទោសមួយចូលទៅរលាយបាត់អស់ សូមចាំនេះយើងចាយលុយរាប់រយលានដុល្លារ តើយើងប្រមូលលុយតាមរយៈ នៃការលក់សំបុត្រឱ្យជនជាតិឯង ដែលត្រូវចូលទស្សនានេះ របៀបម៉េចទៅ ? តើបានប៉ុន្មានទៅ ? អ្នកទាំងអស់គ្នាចង់បានលុយសូម មកទទួលយកលុយពីខ្ញុំ។
សម្ដេចបន្តថា, ខ្ញុំទទួលខុសត្រូវ ខ្ញុំមិននឹកស្មានថា, មន្ត្រីរបស់យើងមួយចំនួនខ្វះការគិតគូរយកចិត្តទុកដាក់ លើបញ្ហានេះ។ នេះគឺជាការស្ដីបន្ទោសលើកទីមួយរបស់ខ្ញុំនៃការប្រកួតស៊ីហ្គេម តាំងពីការរៀបចំស៊ីហ្គេម ។ ប៉ុន្តែនេះមិនមែនជាកំហុស របស់សម្ដេចពិជ័យសេនា ទៀបាញ់ នោះឡើយ តែខ្ញុំក៏នឹងខិតខំរកថា តើអ្នកណាទទួលខុសត្រូវលើបញ្ហាការផ្សព្វផ្សាយ ទាំងពីករណីលក់សំបុត្រ ទាំងពីចូលមើល ទាំងពីចូលនៅពេលបិទ។ នេះមិនមានជាបញ្ហាលេងសើចមនុស្សឡើយ គឺជាការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ចំពោះមុខប្រជាជនរបស់ខ្លួន ដែលយើងរង់ចាំពេលចំនួន 44 ឆ្នាំ និងចំណាយ ធនធានអស់យ៉ាងច្រើន ទាំងពេលវេលា និងថវិកា ដើម្បីកើតចេញជារូបរាងនៃការប្រកួត ដ៏អស្ចារ្យមួយនេះ ។ ខ្ញុំសូមបញ្ជាក់សារជាថ្មីថា គ្មានការបង់ប្រាក់ណាមួយ ត្រូវធ្វើសម្រាប់អ្នក ចូលទៅក្នុងពិធីបើក ចូលទៅក្នុងពិធីបិទ និងចូលទៅទស្សនាគ្រប់វិញ្ញាសា នៃការប្រកួត មិនអនុញ្ញាតឲ្យមានអ្នកលក់សំបុត្រនោះឡើយ។ ប្រសិនបើមានការទាមទារណាមួយសូមប្រើ facebook ជាព័ត៌មានឲ្យបានលឿន ដើម្បីយើងរកឲ្យឃើញនៅអ្នកដែលបានប្រព្រឹត្តខុសលើបញ្ហានេះ ៕
ដោយ : សុខ ខេមរា