ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃសុក្រទី៣១ ខែមីនា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានចុះស្រាវជ្រាវបង្ក្រាបមុខសញ្ញាចោរប្លន់ម្នាក់ ដែលប្រើខ្សែរឹត.ក បណ្ដាលឱ្យជនរងគ្រោះដួលសន្លប់ រួចយកម៉ូតូជិះគេចខ្លួនបាត់ជិតមួយខែ។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ត បានបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣កន្លងទៅ នៅចំណុច ក្រុមទី១ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានករណី អំពើលួចមានស្ថានទម្ងន់ទោស (ប្លន់ម៉ូតូ ដោយប្រើខ្សែរឹតក) មួយបានកើតឡើង បង្កដោយជនសង្ស័យ ០១នាក់ មិនស្គាល់អត្តសញ្ញាណ ជាជនជាតិខ្មែរ បានហៅម៉ូតូរបស់ជនរងគ្រោះជិះទៅស្រុកស្ទឹងហាវ ដោយអោយតម្លៃ ៣០,០០០រៀល (បីម៉ឺនរៀល) លុះដល់ចំណុច ជិតកន្លែងដាំកូនឈើ ស្ថិតនៅក្រុមទី១ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ជាកន្លែងស្ងាត់ ជនសង្ស័យបានយកខ្សែមករឹតកជនរងគ្រោះ បណ្ដាលអោយជនរងគ្រោះដួលសន្លប់ បន្ទាប់មកជនសង្ស័យបានយកម៉ូតូរបស់ជនរងគ្រោះជិះរត់គេចខ្លួនតែម្តង ។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតស្វែងរកឃើញម៉ូតូ ១គ្រឿង ម៉ាក ហុងដា សេ125 ពណ៌ខ្មៅ គ្មានផ្លាកលេខ (ជាម៉ូតូរបស់ជនរងគ្រោះខាងលើ) នៅចំណុចក្នុងព្រៃក្រោយចំណោតលោកយាយម៉ៅ ស្ថិតក្នុង ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ដោយជនសង្ស័យបានយកទៅលាក់ទុកនៅទីនោះ ។ បន្ទាប់ពីយកម៉ូតូទៅរក្សាទុកនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរួចមក កម្លាំងសមត្ថកិច្ចជំនាញ បានបន្តការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងែទី៣០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៤និង៣០នាទី ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យ នៅម្តុំតោ២ ស្ថិតនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
ជនរងគ្រោះឈ្មោះ ង៉ែត ហុកហួត ភេទប្រុស អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌូប រស់នៅភូមិ២ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
ជនសង្ស័យឈ្មោះ វង ស៊ីណា ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានធ្វើសកម្មភាពប្លន់ពិតប្រាកដមែន ។
វត្ថុតាងចាប់យកបានរួមមាន មានម៉ូតូចំនួន ០១គ្រឿង និងទូរស័ព្ទ ០១គ្រឿង ។
ចំពោះជនសង្ស័យខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ៕ដោយ៖សហការី