រដ្ឋាភិបាលប្រទេសបេឡារុស បានអនុញ្ញាតឱ្យរុស្ស៊ីដាក់ពង្រាយកាំជ្រួចមីស៊ីលបំពាក់ក្បាលគ្រាប់បរមាណូក្នុងករណីចាំបាច់ ។ ក្រៅពីនេះក៏មានរថក្រោះរុស្ស៊ីរាប់រយគ្រឿងប្រភេទ T-90 ត្រៀមចូលរួមនៅក្នុងសមរភូមិ។
សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣ ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko កាលពីថ្ងៃសុក្រសប្តាហ៍នេះបាននិយាយថា រុស្ស៉ីដែលបានសម្រេចដាក់ឱ្យឈរជើងអាវុធនុយក្លេអ៊ែរតាក់ទិកនៅបេឡារុសរួចស្រេចហើយនោះ ប្រសិនចាំបាច់ក៏អាចដាក់ពង្រាយមីស៉ីលបាលិស្ទីគអន្តរទ្វីប (ICBM) នៅក្នុងប្រទេសលោកផងដែរ។
ក្នុងការថ្លែងសារប្រចាំឆ្នាំទៅកាន់ក្រុមសមាជិកសភានិងក្រុមមន្រ្តីរដ្ឋាភិបាលបេឡារុស លោក លូកាសិនកូ បានអះអាងថា ផែនការរបស់ទីក្រុងមូស្គូក្នុងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅលើទឹកដីនៃសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតមួយរបស់ខ្លួន នឹងជួយការពារបេឡារុសដែលលោកអះអាងថា កំពុងស្ថិតក្រោមការគំរាមកំហែងពីលោកខាងលិច។ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀរ ពូទីន បានប្រកាសថា ទីក្រុងមូស្គូនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិករបស់ខ្លួននៅបេឡារុស។
ជាងនេះទៅទៀត លោក លូកាសិនកូ ក៏បានលើកឡើងអំពីលទ្ធភាពនៃការដាក់ពង្រាយអាវុធនុយក្លេអ៊ែរស្រ្តាធីជីគរបស់រុស្ស៉ី ពោលគឺមីស៉ីលបាលិស្ទីគ ICBM ដែលអាចកម្ទេចទីក្រុងទាំងមូលៗ ស្ថិតនៅចម្ងាយរាប់ពាន់គីឡូម៉ែត្រឱ្យរលាយបាត់នោះ នៅលើទឹកដីបេឡារុសផងដែរ។ លោកប្រធានាធិបតីបេឡារុស បានលើកឡើងដូច្នេះថា «ប្រសិនបើយើងមើលឃើញថា មានការប៉ុនប៉ងបំផ្លាញប្រទេសយើង នោះយើងនឹងប្រើប្រាស់អ្វីគ្រប់បែបយ៉ាង។ ប្រសិនបើចាំបាច់ លោក ពូទីន និងខ្ញុំ នឹងសម្រេចចិត្តហើយនាំយកអាវុធនុយក្លេអ៊ែរស្រ្តាធីជីគ មកទីនេះថែមទៀត»។
អាវុធនុយក្លេអ៊ែរតាក់ទិក tactical ដែលរុស្ស៉ីគ្រោងដាក់ពង្រាយនៅបេឡារុស គឺសំដៅទៅលើនុយក្លេអ៊ែរដែលមានកម្លាំងទាប ហើយសម្រាប់បំពាក់នៅលើមីស៉ីលតូចៗ ឧទាហរណ៍ដូចជា ប្រព័ន្ធមីស៉ីលរយៈចម្ងាយខ្លី Iskander របស់រុស្ស៉ីជាដើម។ ចំណែក អាវុធនុយក្លេអ៊ែរស្រ្តាធីជីគ (strategic) វិញ គឺជាអាវុធនុយក្លេអ៊ែរ ដែលមានកម្លាំងខ្លាំងមហិមា សម្រាប់បំពាក់នៅលើមីស៉ីលធំៗ ឧទាហរណ៍ដូចជា ប្រព័ន្ធមីស៉ីល YARS ដែលអាចបាញ់បានចម្ងាយខ្ទង់ម៉ឺនគីឡូម៉ែត្រ៕ដោយធីរីណា
រូបថត : qdnd.vn