ខេត្តសៀមរាប :[កោះបាលី, ឥណ្ឌូនេសុី]៖ «ក្រុងសៀមរាប»ត្រូវបានជ្រើសរើសជាក្រុងមួយក្នុងចំណោមក្រុងទេសចរណ៍ចំនួន៤ផ្សេងទៀតនៅក្នុងបណ្តាប្រទេសអាស៊ាន ដើម្បីទទួលបានថវិកាអនុវត្តសាកល្បងនៃគម្រោង«លើកកម្ពស់ការគ្រប់គ្រងសំរាមសំណល់រឹងក្នុងក្រុងទេសចរណ៍នៃបណ្តាប្រទេសនៅអាស៊ាន» ហៅកាត់ថា«AMUSE»។ នេះជាការថ្លែងដោយលោក ឃឹម ហ្វីណង់ អភិបាលរង ខេត្តសៀមរាប នៅល្ងាចថ្ងៃទី ២ ខែមេសា ឆ្នាំ២០២៣។
លោកអភិបាលរងខេត្ត បានបន្តថា, សង្ឃឹមថាគម្រោងនេះ បូកផ្សំនឹងគម្រោងគ្រប់គ្រងសំរាមឆ្លាតវៃនៃអង្គការJICA យុទ្ធនាការសៀមរាបផ្ទះខ្ញុំនៃស.ស.យ.ក សៀមរាប និងគំនិតផ្តួចផ្តើមបរិស្ថានផ្សេងៗទៀត នឹងជួយធ្វើឱ្យក្រុងសៀមរាបមានភាពស្រស់ស្អាត នាំមុខគេនៅក្នុងវិស័យគ្រប់គ្រងបរិស្ថាននៅក្នុងពេលខាងមុខ។
តបតាមការអញ្ជើញរបស់ភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់(GIZ) និងក្នុងនាមអភិបាលរងទទួលបន្ទុកការងារបរិស្ថាន ខ្ញុំបានតំណាងឯកឧត្តមអភិបាលខេត្ត ចូលរួមសិក្ខាសាលាថ្នាក់តំបន់រយៈពេល៣ថ្ងៃ ស្តីពីការប្រកាសអនុវត្គគម្រោងAMUSEជាផ្លូវការ នៅកោះបាលី ប្រទេសឥណ្ឌូនេសុី។
លោក ឃឹម ហ្វីណង់ បានលើកឡើងថា, ក្នុងសិក្ខាសាលានេះ ខ្ញុំក៏បានតំណាងប្រទេសកម្ពុជាចូលរួមជាវាគ្មិនមួយរូប ដើម្បីជជែកពិភាក្សា និងធ្វើបទបង្ហាញពីបញ្ហាប្រឈម កាលានុវត្តភាព និងបទពិសោធល្អៗនៃគ្រប់គ្រងសំរាមសំណល់រឹង ជាពិសេស អាចមានឱកាសបានបង្អួតបង្ហាញពីភាពស្រស់ស្អាតនៃ«ភូមិព្រះដាក់» និងប្រសិទ្ធភាពនៃការគ្រប់គ្រងសំរាមសំណល់រឹងរបស់សហគមន៍នៅទីនោះ។
ប្រតិភូពីប្រទេសកម្ពុជា រួមមានតំណាងមកពីក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ និងមន្ត្រីរបស់GIZប្រចាំប្រទេសកម្ពុជា សរុបចំនួន៥នាក់ ហើយប្រទេសផ្សេងៗទៀតនៅក្នុងតំបន់អាស៊ានក៏បានបញ្ជូនសមាសភាពប្រតិភូប្រហាក់ប្រហែលគ្នានេះឱ្យមកចូលរួមផងដែរ ៕
ដោយ : សហការី