ភំ្នពេញ៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ហាញមុខសញ្ញាជួញដូរគ្រឿងញៀនឆ្លងដែនចំនួន ០២នាក់ ម្នាក់ជាជនជាតិឡាវ និងម្នាក់ទៀតវៀតណាម ក្រោយកម្លាំងជំនាញ ចុះស្រាវជ្រាវបង្រ្កាប និងឃាត់ខ្លួនព្រមទាំងរឹបអូសគ្រឿងញៀនជាង ៤០គីឡូក្រាម យកមកសាកសួររហូតបញ្ចប់នីតិវិធី និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់។ នេះបេីយោងតាមប្រភពព័ត៍មានពីមន្ទីរប្រឆាំងគ្រឿងញៀន ដែលទេីបទទួលបាននៅព្រឹកថ្ងៃចន្ទទី០៣ ខែមេសា ឆ្នាំ២០២៣។
មន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជាក់បន្ថែមថា អនុវត្តតាមបញ្ជា លោកនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង លោកនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីព្រលប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៨:៣០នាទី កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៤) ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ស៊ុំ ណារ៉ាក់ នាយករងមន្ទីរ និងលោកវរសេនីយ៍ទោ គង់ នៅ នាយរងការិយាល័យ សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ និងដោយមានការដឹកនាំសម្របសម្រួលពី លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដំណើរការស្រាវជ្រាវ បង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចចំណតរថយន្ត ផ្សារទំនើប អ៊ីអនមល.៣ ស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជាក់ស្ដែងក្នុងប្រតិបត្តិការនោះជាលទ្ធផលកម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ៖
១. ឈ្មោះ ប៉ាវ វាំង ភេទប្រុស ឆ្នាំកំណើត ១៩៨៧ ជនជាតិឡាវ ។
២. ឈ្មោះ សុខ តាំង ភេទប្រុស ឆ្នាំកំណើត ១៩៨៧ ជនជាតិខ្មែរ (វៀតណាម)។ ចាប់យកវត្ថុតាងរួមមាន ៖ សារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ ៤០ គ.ក្រ ៥៣០.៤០ក្រាម, រថយន្ត ១គ្រឿងពណ៌ស ម៉ាក High Lander ។
បច្ចុប្បន្ន នៅព្រឹកថ្ងៃចន្ទទី០៣ ខែមេសា ឆ្នាំ២០២៣នេះ ជនសង្ស័យនិងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភំ្នពេញ ចាត់ការតាមនីតិវិធី៕ដោយ៖សហការី