ភ្នំពេញ៖ មុននេះរឿងរ៉ាវនៃការបញ្ចេញពាក្យសម្តីបែបចាក់ដោតថ្មីមួយបានផ្ទុះកក្រើកឡើងពេញបណ្តាញសង្គមរវាង អ្នកនិពន្ធល្បីឈ្មោះងារជាឧកញ៉ា យឹម តាស្រង់ ជាមួយនឹងអតីតភរិយា អ្នកនាង អូន សុគន្ធ បានចាប់ផ្តើមលេចឡើង។ ការលេចឡើងគឺក្រោយពីមុននេះលោក យឹម តាស្រង់ បានទម្លាយរឿងរ៉ាវស្នេហាជាមួយនឹងអ្នកមេម៉ាយសាច់ខ្ចីនិងជាអ្នកលក់អនឡាញ ម៉ាក់ អុីអុី។
កន្លងទៅទស្សនិកជនធ្លាប់បានលើកសរសើរអំពីរឿងរ៉ាវក្នុងគ្រួសាររបស់អ្នកនិពន្ធ លោក យឹម តាស្រង់ ជាមួយនឹងអតីតភរិយាដែលមានរហស្សនាមថា មេម៉ាយកូន៤ ថាបានចែកផ្លូវគ្នាដើរយ៉ាងស្ងប់ស្ងាត់ដោយមិនបានព្យាយាមហែកទម្លាយរឿងរ៉ាវផ្ទៃក្នុងគ្រួសារជាសាធារណៈឡើយ ហើយពួកគេបានបំពេញតួនាទី ដោយអតីតភរិយាបានប្រឹងប្រែងក្នុងការងើបឈរជាជំហរគ្រួសារលែងពឹងពាក់លើការផ្គត់ផ្គង់ពីអតីតស្វាមី ខណៈដែលលោក យឹម តាស្រង់ក៏បានជួយកូនៗឱ្យបានរៀនសូត្រក្នុងសាលារៀនល្អផងដែរ។ បែកគ្នាជាច្រើនឆ្នាំ ប៉ុន្តែអ្នកទាំងពីរព្យាយាមរក្សាការស្ងប់ស្ងាត់ ស្រាប់តែមុននេះរឿងរ៉ាវឆ្លើយឆ្លងជាពាក្យសម្តីដាក់គ្នាហាក់ឡើងកម្តៅ ក្រោយពីចាប់ផ្តើមមានការជជីកសួរពីអ្នកលេងបណ្តាញសង្គមមួយចំនួនរហូតអតីតភរិយាបានលើកឡើងពីអារម្មណ៍មិនខ្វល់នឹងដំណឹងមានស្នេហាថ្មីរបស់អតីតស្វាមីឡើយ ស្របពេលដែលអ្នកនាងអូន សុគន្ធ បានទម្លាយអំពីការប្រឹងប្រែងតស៊ូរបស់នាងក្នុងការងើបឈរប្រឹងប្រែងដើម្បីកូនៗផងដែរ ក្នុងនោះក៏មានរូបថតនាងនិងអតីតស្វាមីព្រមទាំងកូនៗកាលពីប៉ុន្មានឆ្នាំមុន។ ស្រាប់តែមុននេះអតីតស្វាមីរបស់នាងបានចេញមុខបកបញ្ជាក់នូវសារមួយចំនួនដែលមិនពេញចិត្តទៅនឹងអតីតភរិយាទៅវិញ ដោយលោកបានលើកឡើងអំពីកាតព្វកិច្ចជួយទំនុកបម្រុងកូនៗ និងមិនសប្បាយចិត្តនឹងការបកស្រាយរបស់អតីតភរិយា។ លោកបានលើកឡើងថា ទឹកភ្នែកមនុស្សស្រីអាចបំភ្លៃមនុស្សពេញមួយនគរឱ្យជឿ ដោយលោកបានទាំងលើកឡើងថាទោះអត់ផ្ទះស្នាក់នៅក៏លោកប្រឹងរកលុយបង់ថ្លៃសាលាសម្រាប់កូនរៀនដែរ ហើយពេលនេះកូន៣នាក់រស់នៅជាមួយលោក ខណៈដែលកូនម្នាក់ទៀតក៏ទទួលបានការសិក្សាល្អ។ លោកបានថ្លែងសុំទោសកូនៗដែលបានយករឿងរ៉ាវនេះមកលាតត្រដាងលើបណ្តាញសង្គម។ លោកក៏បានផ្តាំទៅអ្នកដែលខមមិនពាក្យអសីលធម៌មកលើលោកថា បើមិនដឹងការណ៍ពិតឬឮតែម្ខាងកុំទាន់វិនិច្ឆ័យ សូមប្រើចំណេះដឹងនឹងប្រុងប្រយ័ត្នលើពាក្យមិនល្អរបស់ខ្លួន។ អ្វីដែលធ្វើឱ្យគេចាប់អារម្មណ៍មុននេះគឺអ្នកនាង អូន សុគន្ធ ជាភរិយាក៏បានទាំងចេញវីដេអូតបត្រឡប់ទៅកាន់អតីតស្វាមី និងអ្នកដែលព្យាយាមចាក់ឱ្យនាងនិងអតីតស្វាមីលេចចេញការខ្វែងគំនិតនឹងគ្នានៅពេលនេះ។ អ្នកនាងថា អ្នកនាងមិនដែលបានចោទអតីតស្វាមីថាមិនដែលចិញ្ចឹមកូនទេ ហើយក៏មិនដែលនិយាយអាក្រក់ពីអតីតស្វាមីដែរ។ នាងថាទោះបីជាមានការជជីកសួររឿងលែងលះគ្នា អ្នកនាងថារស់នៅរៀងខ្លួនមិននិយាយអាក្រក់ពីគ្នា និងតែងប្រាប់គេថាត្រឹមរស់នៅមិនចុះសម្រុងនឹងគ្នា។ អ្នកនាងថា នាងចង់ឱ្យកូនមានអនាគតទើបត្រូវទ្រាំ និងពឹងលើអតីតស្វាមីដែលជាអ្នកចេះដឹង ហើយការបញ្ចេញវីដេអូនោះគឺអ្នកនាងបញ្ចេញតបទៅកាន់អ្នកប្រមាថតិះដៀលនាង មិនបានថាឱ្យអតីតស្វាមីឡើយ ហើយនាងស្នើឱ្យអតីតស្វាមីបង្ហាញភស្តុតាងដែលថានាងនិយាយមិនល្អទៅកាន់អតីតស្វាមី។
ទោះជាយ៉ាងណាអ្នកនាងមិនបានបញ្ជាក់ឱ្យច្បាស់ទេថា តើអ្នកណាជាអ្នកនៅពីក្រោយការចាក់ឲ្យអ្នកនាងនិងអតីតស្វាមីមានបញ្ហាទាស់ពាក្យសម្តីនឹងគ្នាពេលនេះ
ប៉ុន្តែកន្លងទៅអ្នកតាមដានជីវិតរបស់ពួកគាត់ធ្លាប់បានកត់សម្គាល់ថាតែងតែកោតសរសើរអំពីភាពចាស់ទុំនៃភាគីទាំងសងខាងដែលមិនព្យាយាមហែកហួរបើកកកាយអំពីរឿងរ៉ាវចាស់របស់ម្ខាងៗបើទោះបីជាពួកគាត់ជ្រើសរើសផ្លូវដើររៀងខ្លួនក្តី ប៉ុន្តែបែជាពេលនេះបានលេចចេញពាក្យសម្តីឆ្លើយឆ្លងគ្នាបែបនេះទៅវិញ ។ គេនៅបន្តរងចាំតាមដានទៀតថាតើករណីនេះនឹងបន្តរីកធំ ឬត្រូវបានស្ងប់ស្ងាត់ទៅវិញ ហើយយើងនឹងព្យាយាមស្វែងរកការបញ្ជាក់ពីភាគីទាំងសងខាងដើម្បីស្រាយបំភ្លឺបញ្ហាទាំងនេះ។ ខណៈដែលយើងនៅមិនទាន់មានលេខទំនាក់ទំនងទៅកាន់លោក ឧកញ៉ា យឹម តាស្រង់នៅឡើយ ៕
ដោយ វឌ្ឍនា