ចៅក្រម Juan Merchan បានប្រកាសបដិសេធសំណើរបស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកដើម្បីផ្សាយផ្ទាល់ការសួរនាំលោកត្រាំ នៅថ្ងៃទី៤ខែមេសានេះឡើយ។
សារព័ត៌មាន CNN នៅថ្ងៃអង្គារ ទី៤ ខែមេសា ឆ្នាំ២០២៣បានចុះផ្សាយថា ចៅក្រមមួយរូបបាននិយាយកាលពីយប់ថ្ងៃចន្ទសប្តាហ៍នេះថា បណ្តាញសារព័ត៌មាននានានឹងមិនត្រូវបានអនុញ្ញាតឱ្យចាក់ផ្សាយអំពីការកាត់ក្តីលើអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក្នុងតុលាការតំបន់Manhattan នៅថ្ងៃអង្គារនេះនោះទេ។
ចៅក្រមតុលាការកំពូលទីក្រុង
ញូវយ៉ក លោក Juan Merchan បានច្រានចោលសំណើសុំផ្សព្វផ្សាយដំណើរការក្តីជាប្រវត្តិសាស្រ្តអាមេរិកពីសំណាក់ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ក្នុងនោះរួមទាំង CNN ផងដែរ។ មានតែអ្នកថតរូបចំនួន៥នាក់ប៉ុណ្ណោះ ដែលនឹងត្រូវអនុញ្ញាត៖ឱ្យថតរូបលោក ត្រាំ និងបន្ទប់សវនាការមុនពេលសវនាការចាប់ផ្តើម។ ទោះជាយ៉ាងនេះក្តីសវនាការរបស់លោក ត្រាំ គឺដូចគ្នាទៅនឹងការកាត់ក្តីភាគច្រើននៅក្នុងតុលាការតំបន់មែនហាធែនដែរ ដោយធ្វើឡើងជាសាធារណៈ គ្រាន់តែអ្នកថតរូបសារព័ត៌មានមិនត្រូវបានអនុញ្ញាតឱ្យផ្តិតយកទិដ្ឋភាពពីខាងក្នុងបន្ទប់សវនាការមកចាក់ផ្សាយ។
អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅដល់ទីក្រុងញូវយ៉កហើយនៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅអាមេរិក) សម្រាប់ការបង្ហាញខ្លួន ជាលើកដំបូងចំពោះមុខតុលាការ ដើម្បីប្រឈមនឹងការចោទប្រកាន់ ពាក់ព័ន្ធនឹងការសូកលុយបំបិទមាត់តារាថតកុនកូនជ្រូកម្នាក់កុំឱ្យនិយាយពីរឿងអាស្រូវផ្លូវភេទ នៅមុនការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១៦៕ ដោយធីរីណា
រូបថត : Pew research Center