ខេត្តព្រៃវែង៖ មនុស្សចំនួន១២នាក់ បានក្លែងបន្លំខ្លួនធ្វេីជាលោកសង្ឃមកបិណ្ឌបាតក្នុងកម្មវិធីបុណ្យឆ្លងសមិទ្ធផលនានានៅវត្តទួលព្រេជ ត្រូវបានសមត្ថកិច្ចជំនាញ នៃស្នងការនគរបាលខេត្តព្រៃវែង ចាប់ឃាត់ខ្លួនយកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។ នេះបេីយោងតាមការបញ្ជាក់ពីលោកឧត្ដមសេនីយ៍ត្រី ពៅ ជីវី ស្នងការរងនគរបាលខេត្តព្រៃវែង ទទួលបន្ទុកការងារព្រហ្មទណ្ឌ។
លោកឧត្ដមសេនីយ៍ត្រី ពៅ ជីវី បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃអង្គារទី០៤ ខែមេសា ឆ្នាំ២០២៣នេះថា៖ ករណីឃាត់ខ្លួនសង្ឃក្លែងក្លាយ ១២នាក់នេះ បានធ្វេីឡេីង ស្ថិតនៅវត្តទួលព្រេជ (ហៅវត្តស្វាយសុខោ) ក្នុងភូមិស្វាយសុខោ សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។នៅថ្ងៃទី៣ ខែមេសាម្សិលមិញ។
លោកស្នងការរងនគរបាលខេត្តរូបនេះ បន្តថា កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនសង្ឃក្លែងក្លាយចំនួន១២នាក់ បន្ទាប់ពីពួកគេក្លែងខ្លួនជាសង្ឃ ហើយបន្លំមកបិណ្ឌបាតក្នុងកម្មវិធីបុណ្យឆ្លងសមិទ្ធផលនានានៅវត្តទួលព្រេជ (ហៅវត្តស្វាយសុខោ) ត្រង់ចំណុចភូមិឃុំខាងលើ។ លោកស្នងការរង បានបន្ថែមទៀតថា ករណីនេះត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងព្រៃវែង ដើម្បីបំពេញបែបទបតាមនីតិវិធីច្បាប់៕