លោកឧត្តមសេនីយ៍ឯក ហួត ឈាងអន អញ្ជើញអមដំណើរ នាយឧត្តមសេនីយ៍ វង្ស ពិសេន បំពេញបេសកកម្មការងារនៅខេត្តព្រះសីហនុ !

ចែករំលែក៖

ខេត្តព្រះសីហនុ : លោកឧត្តមសេនីយ៍ឯក ហួត ឈាងអននាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ទទួលការងារសន្តិសុខ និងគ្រោះមហន្តរាយ បានអញ្ជើញអមដំណើរ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ក្នុងការបំពេញបេសកកម្មការ នៅខេត្តព្រះសីហនុ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានមានប្រសាសន៍ថា, ៖ សមយុទ្ធ​នាគមា​ស​​ជានិម្មិតរូបកិច្ចសហប្រតិបត្តិការរវាង​ប្រទេសនិងកងទ័ពទាំងពីរ កម្ពុជា-ចិន ។ 

 នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានគូសបញ្ជាក់ថា សមយុទ្ធ​នាគមា​ស​​ បានក្លាយជានិម្មិតរូបនៃកិច្ចសហប្រតិបត្តិការរវាង​ប្រទេស និងកងទ័ពទាំងពីរ កម្ពុជា-ចិន និងរួមចំណែកអប​អរ​សាទរ​​ខួបអនុស្សាវរីយ៍​លើក​ទី​៦​៥ នៃទំនាក់ទំនងការទូតប្រទេសទាំងពីរ ក្នុងការពង្រឹង​ពង្រីក​ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធិថែមទៀត។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ គឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានធ្វើឲ្យទំនាក់ទំនងមិត្តភាពជាប្រពៃណីមានការរីកចម្រើនឥតឈប់ឈរ និងត្រូវបានបន្តពង្រឹងពង្រីកឲ្យកាន់តែស៊ីជម្រៅលើគ្រប់វិស័យ រហូតឈានដល់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

ការបញ្ជាក់បែបនេះ ធ្វើឡើងនៅក្នុងឱកាសទទួលស្វាគមន៍ដល់គណៈប្រតិភូ និងនាវាកងទ័ព​ជើងទឹក​នៃកងទ័ពរំដោះប្រជាជនចិន ដឹកនាំដោយឧត្តមសេនីយ៍ឯក វៃ វិនហុយ មេបញ្ជាការតំបន់ភូមិភាគខាងត្បូង នាថ្ងៃទី៤ មេសា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងឱកាសមកបំពេញទស្សនកិច្ច និងចូលរួមសមយុទ្ធនាគមាស​ឆ្នាំ២០២៣ ជាមួយកងយោធពល​ខេមរភូមិន្ទ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានជឿជាក់ថា សមយុទ្ធនាគមាសឆ្នាំ២០២៣ ពិតជាបានបង្កើនសមត្ថភាព និង​ចំណេះដឹងដល់កងទ័ពប្រទេសទាំងពីរថែមមួយកម្រិត​ទៀត ក្នុងនោះបានផ្លាស់ប្តូរបទពិសោធន៍បីគ្នាទៅវិញទៅមក ទាំងការដឹកនាំបញ្ជា យុទ្ធវិធី ក៏ដូចជាបច្ចេកវិជ្ជា​យោធាថ្មីៗ ដើម្បីឱ្យកិច្ចសហការអន្តរាគមន៍បានទាន់​ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ពេលមានសភាពការណ៍​កើតឡើង។ 

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងអំណរគុ​ណ​ដល់បក្ស រដ្ឋាភិបាល ប្រជាជន និងកងទ័ពរំដោះប្រជាជនចិន ដែលជានិច្ចកាលបាន​ជួយ​ឧបត្ថម្ភគាំទាំងស្មារតី សម្ភារៈ និងថវិកា យ៉ាងច្រើនដល់កម្ពុជា សម្រាប់កសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកម្ពុជាឲ្យមានការរីកចម្រើនដូចបច្ចុប្បន្ន។

ឧត្តមសេនីយ៍ឯក វៃ វិនហុយ បានថ្លែងនូវការស្វាគមន៍ នាយឧត្តមសេនីយ៍ វង្ស ពិសេន ដែលបានអញ្ជើញមកទស្សនាលើនាវាជើងទឹកកងទ័ពរំដោះប្រជាជនចិន Type 071 Jinggangshan នាឱកាសនេះ ថាបានបង្ហាញឲ្យឃើញពីទំនាក់ទំនងជិតស្និទ្ធ ក្នុងនាមជាអ្នកជិតខាងល្អរវាងប្រទេសទាំងពីរ ជាមិត្តដែកថែប ប្រៀបបីដូចបងប្អូននឹងគ្នា ដែលបានកំណត់គោលដៅដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក ស៊ី ជីងពីង ប្រធានាធិបតីចិន។

ឧត្តមសេនីយ៍ឯក មេបញ្ជាការតំបន់ភូមិភាគខាងត្បូង បានគូសបញ្ជាក់ពីជំហរនៅក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយកងយោធពលខេមរភូមិន្ទនៅថ្ងៃអនាគត ទាំងវិស័យកសាងធនធានមនុស្ស ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ភេរវកម្ម ការជួញដូរមនុស្ស ក៏ដូចជាការរួមចំណែកជាមួយនឹងយន្តការពហុភាគីជាលក្ខណៈតំបន់ដែលមានស្រាប់ ដើម្បីបន្តគាំទ្រដល់សកម្មភាពនានាដែលនាំទៅដល់ការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។

ឧត្តមសេនីយ៍ឯក វៃ វិនហុយ បានបង្ហាញជំនឿយ៉ាងមុខមាំថា កិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ជិតស្និទ្ធ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ជាពិសេស តាមរយៈសកម្មភាព សមយុទ្ធនាគមាសឆ្នាំ២០២៣ កម្ពុជា-ចិន នឹងចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការគាំទ្រដល់ដំណើការទៅមុខ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

សូមបញ្ជាក់ថា នាវាជើងទឹកកងទ័ពរំដោះប្រជាជនចិន Type 071 Jinggangshan បានមកដល់ដែនទឹកកម្ពុជាកាលពីថ្ងៃអាទិត្យ ទី២ ខែមេសា បន្ទាប់ពីបានចាកចេញពី Zhanjiang ខេត្ត Guangdong ភាគខាងត្បូងប្រទេសចិនកាលពីថ្ងៃពុធ ដើម្បីចូលរួមសមយុទ្ធនាគមាស​ឆ្នាំ២០២៣ ជាមួយកងយោធពល​ខេមរភូមិន្ទ។ លក្ខណៈពិសេសរបស់នាវានេះមានបណ្ដោយប្រវែង ២១០ម៉ែត្រ ទទឹងប្រវែង ២៨ម៉ែត្រ ជម្រៅទឹកប្រវែង ០៧ម៉ែត្រ ល្បឿន ២៥ណត និងអាចផ្ទុកទម្ងន់បាន ២៥.០០០តោន៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print