ខេត្តព្រះសីហនុ៖ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ម្សិលមិញ បានបង្ហាញមុខសញ្ញាចោរឆក់ទូរស័ព្ទដៃយ៉ាងសកម្មរបស់ប្រជាពលរដ្ឋតាមដងផ្លូវចំនួន៥នាក់នៅមូលដ្ឋានខេត្តព្រះសីហនុ ក្រោយឃាត់ខ្លួនពួកគេដែលបាននាំគ្នាឆក់យកទួរស័ព្ទជនរងគ្រោះកំពុងដេកលង់លក់នៅតាមផ្ទះបានសម្រេចហើយតែរត់មិនរួចត្រូវសមត្ថកិច្ចក្របួចជាប់ទាំងអស់។
យោងតាមមន្ត្រីនគរបាលខេត្តព្រះសីហនុបានឱ្យដឹងថា កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៤និង០០នាទីទៀបភ្លឺ ស្ថិតនៅក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រង់ចំណុចផ្ទះធ្វើពិធីបុណ្យ មានករណីឆក់មួយបានកើតឡើង ពេលពិធីបុណ្យចប់ ក្នុងខណៈដែលជនរងគ្រោះកំពុងសម្រាកលង់លក់នៅលើគ្រែក្រោមសំយាបមុខផ្ទះ (ក្នុងពេលសម្រាកនោះជនរងគ្រោះបានយកខ្សែកាបូបស៊កដៃហើយអោបសម្រាក ។ លុះដល់វេលាម៉ោងខាងលើ មានជនសង្ស័យចំនួន៥នាក់ភេទប្រុសជិះម៉ូតូ២គ្រឿង ដោយ៤នាក់រង់ចាំខាងក្រៅ និង១នាក់បានធ្វើសកម្មភាពចូលទៅឆក់កាបូបពីដៃជនរងគ្រោះដែលកំពុងដេកអោប រួចរត់ឡើងម៉ូតូជិះគេចខ្លួនបាត់ ។
ជនរងគ្រោះឈ្មោះ មិន ឌី ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
សម្ភារបាត់បង់មាន៖
១-កាបូបពណ៌ខ្មៅចំនួន០១ក្នុងនោះមាន៖
-ប្រាក់ដុល្លារចំនួន ១៥០០$ (មួយពាន់ប្រាំរយដុល្លារគត់) ។
-ប្រាក់រៀលចំនួន ៣.៣០០.០០០៛(បីលានសាមសិបមុឺនរៀលគត់) ។
-ចិញ្ជៀនត្រាចំនួន០១វង់ (ទម្ងន់០២ជី) ។
-ទូរស័ព្ទម៉ាកអុបប៉ូ ចំនួន០១គ្រឿង ពណ៌ខៀវ ។
ក្រោយទទួលបានព័ត៌មាននេះ នៅម៉ោង៤និង៤០នាទី ដោយមានបញ្ជាពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំជើងគោ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ម៉ោង៩និង៣០នាទីដោយមានការសហការពីកម្លាំងអធិការដ្ឋាននគរបាលក្រុងបូកគោ នៃស្នងការដ្ឋាននគរបាលខេត្តកំពត ទើបស្ទាក់ឃាត់បានជនសង្ស័យ០៥នាក់នៅចំណុចផ្លូវជាតិ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥៥-១៥៦ ស្ថិតក្នុងភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត និងរួមទាំងមធ្យោបាយធ្វើសកម្មភាពយកមកអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីសាកសួរតាមនីតិវីធីជំនាញ ។
ក្រោយពីការសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចូលដល់ក្នុងផ្ទះធ្វើពិធីបុណ្យ ហើយឆក់យកកាបូបដៃជនរងគ្រោះកំពុងដេកក្នុងរោងបុណ្យប្រាកដមែន ។
ជនសង្ស័យមានឈ្មោះ ៖
១-ឈ្មោះ នូ លីកៀន ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ(ជនដៃដល់) ។
២-ឈ្មោះ សាន សុខសុី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ(បក្ខពួក) ។
៣-ឈ្មោះ អេង បុត្រា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ភូមិ៣ទំនប់រលក សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ(បក្ខពួក) ។
៤-ឈ្មោះ មឿន សូ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិ២ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ(បក្ខពួក) ។
៥-ឈ្មោះភន រតនា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ(បក្ខពួក) ។
វត្ថុតាងត្រូវចាប់យក៖
-ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ សេ៊រីឆ្នាំ២០២២ ពាក់ផ្លាកលេខ ព្រះសីហនុ 1K-9120 ចំនួន០១គ្រឿង ។
-ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ក្រហម សេ៊រីឆ្នាំ២០២១ ពាក់ផ្លាកលេខ ព្រះសីហនុ 1F-9472 ចំនួន០១គ្រឿង ។
-ទូរស័ព្ទម៉ាកអាយហ្វូន១១ប្រូ ពណ៌ប្រផេះ ចំនួន០១គ្រឿង ។
-ទូរស័ព្ទម៉ាកអាយហ្វូនអេចផ្លើស ពណ៌ទឹកមាស ចំនួន០១គ្រឿង ។
-ទូរស័ព្ទម៉ាកអាយហ្វូន១១ ពណ៌ស ចំនួន០១គ្រឿង។
-ទូរស័ព្ទម៉ាកអាយហ្វូនអេចផ្លើស ពណ៌ខ្មៅ ចំនួន០១គ្រឿង ។
-ទូរស័ព្ទម៉ាកអាយហ្វូន៧ ពណ៌ខ្មៅ ចំនួន០១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្តុតាងខាងលើ ត្រូវបានសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីបន្តការសាកសួរស្រាវជ្រាវតាមនីតិវិធីជំនាញ ៕ដោយ៖សហការី