ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានចេញនូវអនុសាសន៍ ៤ចំនុចដើម្បី អបអរសាទរទិវាជាតិលើកកម្ពស់ការប្រេីប្រាស់ផលិតផលខ្មែរលើកទី៦ ក្រោមប្រធានបទ «រួមគ្នាទិញផលិតផលខ្មែរ គឺបង្កើតការងារជូនពលរដ្ឋខ្មែរ» ដែលនឹងរៀបចំឡើងនៅខេត្តស្វាយរៀង ចាប់ពីថ្ងៃទី៩ ដល់ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣។
សម្តេចតេជោបានលើកឡើងក្នុងសារលិខិតអបអរសាទរទិវាជាតិ លើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៦ថា ក្នុងបរិបទនៃការអភិវឌ្ឍប្រទេសឈានទៅសម្រេចគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ កម្ពុជាបានក្លាយទៅជាប្រទេសផលិត ផលិតផលសម្រាប់ខ្លួនឯងផងនិងសម្រាប់ការនាំចេញផង ដែលកត្តាទាំងនេះទាមទារឱ្យរាជរដ្ឋាភិបាលត្រូវកសាងមូលដ្ឋានចាំបាច់ជាច្រើនបន្ថែមទៀត ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ទាំងធនធានមនុស្ស និងទាំងថ្នាលបច្ចេកទេសនានា ដើម្បីជួយគាំទ្រដល់ការអភិវឌ្ឍក្នុងសម័យសាកលភាវូបនីយកម្ម។
ក្នុងសារលិខិតនោះដែរ សម្តេចតេជោបានផ្តល់អនុសាសន៍ណែនាំ ទី១-ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលជាសមាជិកគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយត្រូវយកចិត្តទុកដាក់ជំរុញនិងបំផុសតាមមូលដ្ឋានឱ្យមានការកែច្នៃផលិតផលនានា ដែលមានលក្ខណៈសមស្របតាមភូមិឋាន ជាពិសេសស្រូបយកនូវផលិតផលកសិកម្ម កែច្នៃជាចំណីអាហារឬរបស់ប្រើប្រាស់ផ្សេងៗ សម្រាប់បម្រើទីផ្សារក្នុងស្រុកនិងក្រៅប្រទេស ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពប្រជាជនឱ្យកាន់តែល្អប្រសើរឡើង ស្របតាមគោលនយោបាយជាតិស្តីពីការជំរុញចលនាភូមិមួយផលិតផលមួយ។
សម្តេចតេជោក៏បានផ្តល់អនុសាសន៍ ទី២- ដល់ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្រសួងពាណិជ្ជកម្ម ក្រសួងព័ត៌មាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តសហការគ្នារៀបចំប្រកបដោយប្រសិទ្ធភាពក្នុងការប្រារព្ធ និងផ្សព្វផ្សាយសកម្មភាព ព្រឹត្តិការណ៍នានា ដើម្បីជំរុញការអភិវឌ្ឍផលិតផលក្នុងស្រុក និងការពង្រីកទីផ្សារជូនប្រជាផលិតករកម្ពុជា។
ជាមួយគ្នានេះ ទី៣- គណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយរាជធានី-ខេត្តទាំងអស់ត្រូវបន្តសហការជាមួយនឹងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្នុងការចងក្រងបណ្តាញសមាជិកចលនាភូមិមួយផលិតផលមួយឱ្យបានទូលំទូលាយ និងកៀរគរដៃគូនានាសហការរៀបចំឱ្យមានព្រឹត្តិការណ៍តាំងបង្ហាញ និងលក់ ទិញផលិតផលខ្មែរតាមទីកន្លែងដែលមានសក្តានុពលទូទាំងប្រទេស។
ទន្ទឹមនោះ ទី៤- គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ត្រូវបញ្ជ្រាបសមាសភាពខ្លួនទៅក្នុងក្រុមប្រឹក្សា ឬគណៈកម្មាធិការផ្សេងៗ ដែលមានបេសកកម្មពាក់ព័ន្ធនឹងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការផលិតកែច្នៃនូវផលិតផល ឬសេវាកម្មនានាសម្រាប់បម្រើសេចក្តីត្រូវការរបស់ទីផ្សារ។
សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជានៅតែរក្សាគោលដៅរបស់ខ្លួនដោយមិនរាថយ គឺមានមហិច្ឆតានាំកម្ពុជាឱ្យក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០៕
ដោយ : សហការី