សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យ ឯកអគ្គរាជទូតអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ លោក Dominic Williams ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃចក្រភពអង់គ្លេស ទើបតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម។

ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង បានសម្ដែងនូវការស្វាគមន៍ចំពោះឯកឧត្តម ដែលត្រូវបានតែងតាំងជា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្ដេចក្រឡាហោម ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងចក្រភពអង់គ្លេស ជាមួយក្រសួងមហាផ្ទៃ នៅលើវិស័យនានា ដែលក្រសួងមហាផ្ទៃ ទទួលខុសត្រូវផងដែរ។ ជាមួយគ្នានេះ សម្តេចក្រឡាហោម  សង្ឃឹមជឿជាក់ថា តាមរយៈអាណត្តិបេសកម្មការទូតរបស់ លោកនៅកម្ពុជានឹងបន្ដពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការទំនាក់ទំនងរវាងប្រទេសទាំងពីរក៏ដូចជា ក្រសួងមហាផ្ទៃកាន់តែរីកចម្រើនលូតលាស់ថែមទៀត។

ជាការឆ្លើយតប លោកឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ចំពោះកិច្ចទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ក្នុងនោះដែរ ក៏មានទំនាក់ទំនងដ៏ល្អជាមួយក្រសួងមហាផ្ទៃ ទៅលើវិស័យការងារពាក់ព័ន្ធ រួមទាំងការងារសហប្រតិបត្តិការល្អពាក់ព័ន្ធទៅនឹងការងារអគ្គកុងស៊ុលផងដែរ។ លោកឯកអគ្គរាជទូត សូមយកឱកាសនេះ សម្ដែងនូវការអបអរសាទរចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដែលទទួលធ្វើជាប្រធានអាស៊ានប្រកបដោយជោគជ័យ កាលពីឆ្នាំ២០២២ កន្លងទៅ ហើយ លោកបានចាត់ទុកថា ភាពជោគជ័យរបស់កិច្ចប្រជុំកំពូលអាស៊ាននេះដែរ គឺជាការរួមចំណែកមួយយ៉ាងសំខាន់របស់ សម្ដេចក្រឡាហោម ស ខេង ក៏ដូចជា ក្រសួងមហាផ្ទៃ ដែលទទួលបន្ទុកកិច្ចការងារស្នូលក្នុងការធានាថែរក្សាសុខសុវត្ថិភាពបានល្អប្រសើរ សម្រាប់ព្រឹត្តិការណ៍អន្ដរជាតិដ៏មានសារៈសំខាន់នេះ។

លើសពីនេះទៀត លោកឯកអគ្គរាជទូត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការងារប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ ដែលធ្វើឱ្យកម្ពុជា ត្រូវបានដកចេញពីបញ្ជីប្រផេះ នៃប្រទេសមានហានិភ័យ ក្នុងការសម្អាតប្រាក់ ដែលការងារនេះគឺមានសម្ដេចក្រឡាហោម ស ខេង ជាអ្នកដឹកនាំផ្ទាល់ផងដែរ។ ទន្ទឹមនេះ ឯកឧត្តម ក៏បានសម្ដែងនូវសេចក្ដីរីករាយដែលបានចូលរួមចំណែក ជាមួយនឹងបណ្ដាប្រទេសជាសមាជិកអាស៊ានក្នុងការអនុវត្តនូវយន្តការនានា ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសពាក់ព័ន្ធទៅនឹងការជួញដូរមនុស្ស។ លោកបានចាត់ទុកថា សមិទ្ធផលការងារដូចបានបញ្ជាក់មកនេះ គឺជាការបង្ហាញអំពីការប្ដេជ្ញាចិត្ត និងឆន្ទៈរបស់ចក្រភពអង់គ្លេស ក្នុងការរួមចំណែករក្សានូវសន្តិសុខល្អនៅក្នុងតំបន់។

ជាថ្មីម្តងទៀត សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ លោកឯកអគ្គរាជទូត និងការវាយតម្លៃមកលើតួនាទីរបស់កម្ពុជា ក្នុងការធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ កន្លងទៅ។ តាមរយៈ លោកឯកអគ្គរាជទូត នាឱកាសនេះ សម្ដេច ក៏សូមថ្លែងអំណរគុណចំពោះចក្រភពអង់គ្លេស ដែលបានចាត់ថ្នាក់ដឹកនាំជាន់ខ្ពស់ចូលរួមក្នុងព្រឹត្តិការណ៍នៃកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជានេះ។ 

សម្ដេចក្រឡាហោម បានចាត់ទុកថា ជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ាន គឺមិនត្រឹមតែជាជោគជ័យរបស់កម្ពុជានោះទេ ក៏ប៉ុន្តែជាជោគជ័យរបស់បណ្តាប្រទេសក្នុងតំបន់ ក៏ដូចជាសកលលោកទាំងមូលផងដែរ។ ទន្ទឹមនេះ សម្តេចក្រឡាហោម ក៏បានមានប្រសាសន៍បន្ថែមថា  ទោះបីជាទទួលបានលទ្ធផលល្អប្រសើរយ៉ាងនេះក្ដី ក៏ប៉ុន្តែកម្ពុជានៅតែបន្តខិតខំលើការងារនេះបន្ថែមទៀត និងបន្តដោះស្រាយបញ្ហានានាដែលនៅសេសសល់ពាក់ព័ន្ធទៅនឹងការងាររៀបចំការសម្អាតប្រាក់នេះ។ ចំពោះការងារប្រយុទ្ធប្រឆាំងទៅនឹងឧក្រិដ្ឋកម្មឆ្លងដែនក៏ដូចគ្នាដែរ សម្ដេចក្រឡាហោម បានជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា មានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ជាពិសេសគឺបទល្មើសពាក់ព័ន្ធទៅនឹងការជួញដូរមនុស្ស និងគ្រឿងញៀនខុសច្បាប់ ដែលបញ្ហានេះ គឺជាបញ្ហាមួយមានភាពស្មុគស្មាញ ហើយដែលកម្ពុជាត្រូវតែបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាធំៗទាំងនេះ។

សម្ដេចក្រឡាហោម ក៏បានសង្កត់ធ្ងន់ថា ការងារប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសគឺបទល្មើសប្រឆាំងការជួញដូរមនុស្ស កម្ពុជាតែឯងមិនអាចធ្វើបាននោះទេ គឺទាមទារជាចាំបាច់នូវកិច្ចសហប្រតិបត្តិការទាំងក្នុងកម្រិតតំបន់ និងសកលលោក ដើម្បីរួមសហការគ្នាធ្វើការស្រាវជ្រាវផ្តន្ទាទោសដល់អ្នកពាក់ព័ន្ធ ក៏ដូចជាមេក្លោង ក្នុងបទល្មើសទាំងនេះដែលមានវត្តមានក្នុងប្រទេសរបស់ខ្លួន។ សម្ដេចក្រឡាហោម ក៏សូមយកឱកាសនេះសម្តែងនូវគោលបំណងឱ្យមានកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លាថែមទៀត និងបានស្នើឱ្យមានការចែករំលែកផ្លាស់ប្តូរបទពិសោធក៏ ដូចជាការអនុវត្តល្អៗរបស់ចក្រភពអង់គ្លេស ក្នុងការពង្រឹង និងលើកកម្ពស់សមត្ថភាពកងកម្លាំងអនុវត្តច្បាប់របស់កម្ពុជាឱ្យកាន់តែខ្លាំងក្លាថែមទៀតនៅក្នុងការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង និងឯកឧត្តមអគ្គរាជទូតចក្រភពអង់គ្លេស ក៏បានពិភាក្សាផ្លាស់ប្តូរយោបល់លើការងារមួយចំនួនបន្ថែមទៀត ដែលរួមមានដូចជា៖ ដំណើរការត្រៀមលក្ខណៈសម្រាប់ដំណើរការរៀបចំការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅក្នុងខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ, ការចូលរួមរបស់អង្គការសង្គមស៊ីវិលនៅក្នុងដំណើរការអភិវឌ្ឍសង្គមជាតិ, ការពង្រឹងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគាំទ្រគ្នាទៅវិញទៅមកលើការងារកុងស៊ុល ជាពិសេសពាក់ព័ន្ធទៅនឹងពលរដ្ឋនៃចក្រភពអង់គ្លេស ដែលរស់នៅព្រះរាជាណាចក្រកម្ពុជា៕

...

ដោយ ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print