ភ្នំពេញ : យោងផែនការណែនាំលេខ ០២/២០២៣ គជបអ ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ របស់គណៈកម្មាធិការ ជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងសេចក្ដីណែនាំលេខ ០០៣/២៣ សណន.អ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការរៀបចំបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គ.ស.២០២៣ ដើម្បីចូលរួមអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ គ.ស.២០២៣ នៅរាជធានី ភ្នំពេញ ខាងមុខនេះ និងញ៉ាំងឱ្យពិធីបុណ្យប្រព្រឹត្តទៅដោយអធិកអធម បង្កភាពសប្បាយរីករាយជូនបងប្អូន ប្រជាពលរដ្ឋ ព្រមទាំងរក្សាបាននូវទំនៀមទម្លាប់ ប្រពៃណី និងសិល្បៈវប្បធម៌ដ៏ល្អផូរផង់របស់ជាតិ រដ្ឋបាល រាជធានីភ្នំពេញ នឹងរៀបចំ “សង្ក្រាន្តវត្តភ្នំ” នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ០៨:០០នាទីព្រឹក ដល់ម៉ោង ២០:០០នាទី នៃថ្ងៃនីមួយៗ ដោយមានកម្មវិធីបែបប្រពៃណីសាសនា និងកម្មវិធីកម្សាន្តសប្បាយ ដូចជាពិធីទទួលទេវតាឆ្នាំថ្មី ពិធីគោរព ទីទួលដូនពេញ ពិធីដង្ហែព្រះពុទ្ធរូប ពិធីពូនភ្នំខ្សាច់ ពិធីបុណ្យស្រង់ព្រះ ការសម្ដែងសិល្បៈរបាំត្រុដិ របាំបុរាណផ្សេងៗ ការលេងល្បែងប្រជាប្រិយជាតិ (ទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង ដណ្ដើមស្លឹកឈើ និងល្បែងប្រជាប្រិយជាតិផ្សេងទៀត) ការប្រគំតន្ត្រីបុរាណ-សម័យ ការរាំលេងកម្សាន្ត និងការដាក់តាំងបង្ហាញគំនូរបុរាណ និងវត្ថុសិល្បៈវប្បធម៌។ ដូចនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន សូមអញ្ជើញ មកចូលរួមទស្សនាកម្សាន្តសប្បាយនៅសង្ក្រាន្តវត្តភ្នំ ឱ្យបានច្រើនកុះករ។
ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង ១៤ និងមន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ត្រូវផ្សព្វផ្សាយ អនុវត្តឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕
ដោយ : សិលា