ខេត្តស្វាយរៀង ៖ នាថ្ងៃ ពុធ ទី០៥ ខែមេសា នេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្ដាល វិជ្ជាជីវៈ បានបន្តរៀបចំនូវព្រឹត្តិការណ៍ជ្រើសរើសកម្មករ និយោជិតមួយទៀត បន្ទាប់ពីការរៀបចំនៅខេត្តកំពង់ស្ពឺកាលពី ខែមីនា កន្លងទៅនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការស្វែងរកឱកាសការងារថ្មីរបស់បងប្អូនកម្មករ កម្មការិនី រោងចក្រដែលបានបាត់បង់ការងារ ឬត្រូវព្យួរកិច្ចសន្យាការងារ នាពេលកន្លងមកនេះ។ នៅក្នុងព្រឹត្តិការណ៍ជ្រើសរើសកម្មករ និយោជិត លើកនេះ គឺត្រូវបានរៀបចំឡើងនៅក្នុងទីតាំងសាលាស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដោយមានរោងចក្រ សហគ្រាសចំនួន ៤ ចូលរួមជ្រើសរើសកម្មករ កម្មការិនី ៥ រយនាក់។
រោងចក្រ សហគ្រាសទាំង ៤ ដែលចូលរួមនោះរួមមាន៖ ក្រុមហ៊ុន ខាតថាយអឺរ ផលិតសំបកកង់ឡាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូ អិលស៊ី វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង និង វិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរកម្ពុជា (CGTI)។ ជាលទ្ធផល បងប្អូនកម្មករ និយោជិត ជាច្រើនរយនាក់បានចូលរួមស្តាប់បទបង្ហាញរបស់ក្រុមហ៊ុន សហគ្រាស និងបានដាក់ពាក្យស្វែងរកការងារទៅតាមមុខជំនាញរៀងៗខ្លួន។
គួរបញ្ជាក់ផងដែរថា ការរៀបចំវេទិកាការងារនេះ គឺជាអន្តរាគមន៍ដោះស្រាយការងារបន្ទាន់មួយទៀតរបស់រាជរដ្ឋាភិបាល ជាពិសេសការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី និង លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជួយដល់បងប្អូនកម្មករ កម្មការិនីយើងឲ្យឆាប់ទទួលបានការងារថ្មីឡើងវិញ ដើម្បីរក្សាលំនឹងជីវភាព និង ប្រាក់ចំណូលរបស់បងប្អូន កម្មករ កម្មការិនី បន្ថែមពីលើការទទួលបាននូវការគាំពារតាមរយៈការឧបត្ថម្ភសាច់ប្រាក់ពីសំណាក់រាជរដ្ឋាភិបាល ដូចអំឡុងពេលនៃការព្យួរកិច្ចសន្យាការងារក្នុងពេលរីករាលដាលជំងឺកូវីដ។
ព្រឹត្តិការណ៍ជ្រើសរើសកម្មករ និយោជិត នេះ ត្រូវរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដោយសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, មន្ទីរការងារខេត្តស្វាយរៀង និងអជ្ញាធរមូលដ្ឋាន ដើម្បីជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់បងប្អូនប្រជាពលរដ្ឋទូទៅនៅក្នុងខេត្ត ពិសេសបងប្អូនកម្មករ កម្មការិនី ដែលរស់នៅក្នុងខេត្តស្វាយរៀងទាំងមូល។
NEA នឹងបន្តរៀបចំព្រឹត្តិការណ៍ដូចគ្នានេះ នៅតាមបណ្តាខេត្តដទៃទៀត ពិសេសខេត្តដែលមានតម្រូវការកម្លាំងពលកម្មច្រើនៗ ដើម្បីឲ្យបងប្អូន កម្មករ កម្មការិនី ឆាប់ទទួលបានការងារ។ ដូច្នេះ សូមបងប្អូន កម្មករ និយោជិត ដែលមានបំណងចង់ស្វែងរកការងារ ឬចង់ផ្លាស់ប្តូរការងារ អញ្ជើញចូលរួមផ្ទាល់ដើម្បីដាក់ពាក្យនៅតាមរោងចក្រ សហគ្រាស ដែលកំពុងជ្រើសរើសបុគ្គលិកជាច្រើននាក់។
សម្រាប់ព័ត៌មានបន្ថែមអំពីព្រឹត្តិការណ៍ជ្រើសរើសកម្មករ និយោជិតនាពេលក្រោយទៀត សូមទាក់ទងមក NEA តាមរយៈលេខទូរស័ព្ទ 017 46 74 23៕
ដោយ ៖ សហការី