សារព័ត៌មាន AFP នៅថ្ងៃពុធ ទី៥ ខែមេសា ឆ្នាំ២០២៣នេះបានផ្សាយថា នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Anthony Albanese បាននិយាយនៅថ្ងៃពុធនេះថា លោកនឹងទទួលយកការអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ប៉ុន្តែលោកនៅមិនទាន់បានទទួលការអញ្ជើញណាមួយនៅឡើយទេ
មកទល់នឹងពេលនេះ ជាការឆ្លើយតបទៅនឹងសេចក្តីរាយការណ៍ដែលថាលោកកំពុងមានផែនការធ្វើទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង។
ដោយផ្អែកលើប្រភពមិនបញ្ចេញអត្តសញ្ញាណ នៅថ្ងៃអង្គារសប្តាហ៍នេះសារព័ត៌មាន South China Morning Post បានរាយការណ៍ថា ទីក្រុងប៉េកាំងចេញការអញ្ជើញជាគោលការណ៍មួយទៅកាន់លោក អាល់បានី និងរដ្ឋមន្ត្រីពាណិជ្ជកម្មអូស្រ្តាលី លោក ដុន ហ្វារ៉ែល (Don Farrell)ឱ្យមកធ្វើទស្សនកិច្ចនៅប្រទេសចិន ដែលទំនងជាប្រព្រឹត្តទៅនៅក្នុងខែតុលា ឬខែវិច្ឆិកា ដើម្បីឱ្យជំខួបលើកទី៥០ នៃដំណើរទស្សនកិច្ចលើកដំបូងរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី។
ក្នុងសន្និសីទសារព័ត៌មានមួយ លោក អាល់បានីស បានគូសបញ្ជាក់យ៉ាងដូចេ្នះថា «ខ្ញុំធ្លាប់បាននិយាយហើយថា ប្រសិនបើមានការអញ្ជើញនោះ ខ្ញុំនឹងទទួលយកហើយយើងនឹងរៀបចំពេលវេលាសម្រាប់កិច្ចការនោះ។ ប៉ុន្តែ នៅមិនមានការផ្តល់ឱ្យណាមួយដើម្បីរៀបចំពេលវេលានោះទេ»។
ប្រទេសចិនបានចាប់ផ្តើមបន្ធូរបន្ថយរបាំងពាណិជ្ជកម្មលើការនាំចូលរបស់អូស្ត្រាលី រួមទាំងធ្យូងថ្ម ខណៈដែលប្រទេសទាំងពីរឆ្ពោះទៅរកការកសាងទំនាក់ទំនងសេដ្ឋកិច្ចឡើងវិញ នៅរយៈពេលជាង២ឆ្នាំ ក្រោយពីចិនបានដាក់កម្រិតពាណិជ្ជកម្មលើទំនិញមួយចំនួន បន្ទាប់ពីមានជម្លោះលើផ្នែកវិនិយោគ ពាណិជ្ជកម្ម និងប្រភពដើមនៃជំងឺកូវីដ-១៩៕ ដោយធីរីណា
រូបថត : TTXVN