ភ្នំពេញ : សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើសារជូនពរ គោរពជូន សម្ដេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ។
សូមគោរពជូន សម្ដេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន
សម្ដេចអគ្គមហាពញាចក្រី និងសម្ដេចធម្មវិសុទ្ធវង្សា ជាទីគោរពដ៏ខ្ពង់ខ្ពស់
តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ ខ្ញុំសូម អនុញ្ញាតចូលរួមសម្តែងនូវអំណរសាទរ ប្រកបដោយសេចក្តីសោមនស្សយ៉ាងក្រៃលែងជូនចំពោះ សម្តេចអគ្គ មហាពញាចក្រី និង សម្ដេចធម្មវិសុទ្ធវង្សា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណ៏ជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ។
ក្នុងឱកាសដ៏នក្ខត្តឫក្សនេះ ខ្ញុំសូមសម្ដែងការគោរពកោតសរសើរដ៏ស្មោះស្ម័គ្រចំពោះកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់ សម្ដេចអគ្គមហាពញាចក្រី ក្នុងការដឹកនាំស្ថាប័នរដ្ឋសភា សម្រេចបាន សមិទ្ធផល និងស្នាដៃជាច្រើនក្នុងវិស័យនីតិកម្ម ដើម្បីបុព្វហេតុនៃការពង្រឹងនីតិរដ្ឋ ស្របតាមគោលការណ៍នៃ លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ។ ទន្ទឹមនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាពញាចក្រី ស្ថាប័នរដ្ឋសភាបានបន្តដើរតួនាទីយ៉ាងសកម្មក្នុងការរួមចំណែកធានាដល់ស្ថិរភាពជាតិ និង សុខសន្តិភាពសម្រាប់ជាមូលដ្ឋាននៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព ។
ជាថ្មីម្តងទៀត ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួង មហាផ្ទៃ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាឆ្នាំថ្មីព្រះនាម កិមិរាទេវី សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះ សម្ដេចអគ្គមហាពញាចក្រី និង សម្ដេចធម្មវិសុទ្ធវង្សា ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
សូមសម្តេចអគ្គមហាពញាចក្រីកិត្តិព្រឹទ្ធបណ្ឌិត ប្រធានរដ្ឋសភា និង សម្ដេច ធម្មវិសុទ្ធវង្សា មេត្តាទទួលនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់ពីខ្ញុំ ៕
ដោយ : សិលា