អភិបាលរងខេត្តបានបញ្ជាក់ ៖ ក្រុមហ៊ុនចម្រាញ់រ៉ែមាសបាន ៦តោន ក្នុងខេត្តមណ្ឌលគិរី

ចែករំលែក៖

ភ្នំពេញ : ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២៣ លោក ស៊ន សារុន បានលើកឡើងថា បច្ចុប្បន្ននេះមានក្រុមហ៊ុនចំនួន១​៤ បានទទួលសិទ្ធិសិក្សា និងវិនិយោគលើវិស័យរ៉ែ ស្មើនឹង ១៨បណ្ណ ក្នុងនោះ លក្ខណៈសិប្បកម្មមានចំនួន ១១អាជ្ញាបណ្ណ។

បើតាមការបញ្ជាក់របស់លោក ស៊ន សារុន អភិបាលរងខេត្តមណ្ឌលគិរី គិតមកដល់ពេលនេះ ក្រុមហ៊ុនរបស់អូស្រ្តាលី ដែលបានទទួលសិទ្ធិរុករក និងសម្រាញ់រ៉ែមាស បានប្រមាណ ៦តោនហើយ នៅក្នុងខេត្តមណ្ឌលគិរី។ 

នៅក្នុងនោះ លោក បានបញ្ជាក់ថា ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល លីមីតធីត របស់ប្រទេសអូស្ត្រាលី ចម្រាញ់រ៉ែមាសបាន​ប្រមាណ ៦តោន ពោលគឺគិតតាំងពីចាប់ផ្តើមដំបូងរហូតមកដល់ពេលនេះ។ បើតាមលោកអភិបាលរងខេត្ត ក្រុមហ៊ុននេះ បានទទួលបានអាជ្ញាបណ្ណ និង​ធ្វើអាជីវកម្មចម្រាញ់រ៉ែមាសជាផ្លូវការ នៅថ្ងៃទី ២១ មិថុនា ឆ្នាំ ២០២១ ស្ថិតក្នុងតំបន់​អូខ្វាវ ស្រុកកែវសីមា។ ជាមួយគ្នានេះ ក៏មានក្រុមហ៊ុនចិន កំពុងរុករករ៉ែមាស នៅក្នុងខេត្តមណ្ឌលគិរីផងដែរ។

ទាក់ទិននឹងវិស័យនេះ កម្ពុជា រំពឹងថា នឹងរកប្រាក់ចំណូលពីគម្រោងរុករករ៉ែមាស បានប្រមាណជិត ២០០ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ លើលំហូរសាច់ប្រាក់ ដែលមិនទាន់បង់ពន្ធជូនទៅរដ្ឋ និងប្រមាណ ៤០ លានដុល្លារអាមេរិក ពីសួយសារអាករ និងពន្ធសម្រាប់ជាថវិកាជាតិ។

សូមបញ្ជាក់ផងដែរថា, សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា, កម្ពុជាសំបូរទៅដោយរ៉ែនិងធនធានធម្មជាតិយ៉ាងច្រើន ហើយក៏ត្រូវការអ្នកវិនិយោគ ដើម្បីជាសេដ្ឋកិច្ចរបស់ជាតិ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print