ភ្នំពេញ : នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ បានធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចផ្លូវការប្រកបដោយជោគជ័យ និងផ្លែផ្កានៅព្រះរាជាណាចក្រម៉ារ៉ុក និងសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប។
សូមបញ្ជាក់ថា : លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅ សាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ តាមការអញ្ជើញរបស់ លោក Sameh SHOUKRY រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប។
ក្នុងជំនួបទ្វេភាគីនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្រ្តី និងលោក Sameh_SHOUKRY បានកោតសរសើរយ៉ាងខ្លាំងចំពោះវឌ្ឍនភាពនៃទំនាក់ទំនងជាមិត្តភាព និង កិច្ចសហប្រតិបត្តិការដ៏យូរអង្វែង ដែលបានកសាងឡើងដោយ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Gamal Abdel Nasser អតីតប្រធានាធិបតីនៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប ដែលជាសមាជិក ស្ថាបនិកនៃចលនាមិនចូលបក្សសម្ព័ន្ធ។
រដ្ឋមន្ត្រីទាំងពីរបានគូសបញ្ជាក់ អំពីអត្ថន័យនៃដំណើរទស្សនកិច្ចនេះ ដែលធ្វើឡើងស្រប ពេលនឹងខួបអនុស្សាវរីយ៍ ៧០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប និងបានពិភាក្សាអំពីសក្តានុពលនៃការពង្រឹង និងពង្រីកកិច្ចសហ ប្រតិបត្តិការក្នុងវិស័យនានា បន្ថែមទៀត។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង លោករដ្ឋមន្ត្រីការបរទេស Sameh SHOUKRY ក៏បានឯកភាពពិចារណាបង្កើតឲ្យមាននូវកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួង ការបរទេសទាំងពីរ ដែលជាយន្តការមួយ ដើម្បីរិះរកវិធី និងមធ្យោបាយនានា សំដៅពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ក្នុងន័យនេះ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានឯកភាពជំរុញឲ្យ មានការចុះហត្ថលេខាលើអនុស្សរណៈ ស្ដីពីកិច្ចពិគ្រោះយោបល់នេះ នាពេលខាងមុខ៕
ដោយ : សិលា