“ចូលរួមយល់ដឹងអំពីបញ្ហាសុខភាពខ្លួន ដើម្បីសុខុមាលភាពយូរអង្វែង!”

ចែករំលែក៖

ភ្នំពេញ : ជំងឺខ្សោយពោះវៀន(Irritable Bowel Syndrome)!

១) អ្វីទៅជា ជំងឺខ្សោយពោះវៀន?
គឺជាបណ្តុំរោគសញ្ញាទាំងឡាយណាដែលបញ្ជាក់ថាអ្នកជំងឺមានបញ្ហានៅក្នុងពោះវៀន។ ដោយពាក្យរបស់ខ្មែរ យើងមិនទាន់មានពាក្យណាអាចបកប្រែអោយចំ និងស្រួលស្តាប់។ ជំងឺនេះត្រូវបានគេអោយឈ្មោះផ្សេងៗគ្នា ទៅតាមការនិយមរបស់គ្រូពេទ្យ ដើម្បីងាយស្រួលក្នុងការពន្យល់អ្នកជំងឺ។ នេះជាបញ្ជាក់ពី ខាង#មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ។ ដូចជា៖
– ជំងឺរលាកពោះវៀនរ៉ាំរ៉ៃ
– ជំងឺខ្យល់ក្នុងពោះវៀន
– និង ហើមពោះវៀនជាដើម
ជំងឺខ្សោយពោះវៀន ជាជំងឺមួយដែលគេជួបប្រទះញឹកញាប់ ជាពិសេសទៅលើអ្នកជំងឺដែលមកពិគ្រោះនៅផ្នែកថ្លើម-ក្រពះ-ពោះវៀន (លើសពី៥០%)។

២) តើរោគសញ្ញានៃជំងឺខ្សោយពោះវៀនមានអ្វីខ្លះ?
រោគសញ្ញានៃជំងឺខ្សោយពោះវៀន រួមមាន៖
– ការឈឺពោះរ៉ាំរ៉ៃ
– ចុកឆ្អល់ ក្នុងពោះ
– តឹងណែនក្នុងពោះ
– ញ៉ាំឆាប់ឆ្អែត
និងរោគសញ្ញាមួយចំនួនទៀតដែលអាចអោយគេចែកជំងឺនេះជា ៤ ក្រុម ៖
– រាគរ៉ាំរ៉ៃ (ក្រុមទី១)
– ទល់លាមករ៉ាំរ៉ៃ (ក្រុមទី២)
– រាគ និងទល់លាមកឆ្លាស់គ្នា (ក្រុមទី៣)
– មិនមានរោគសញ្ញារាគ ឬ ទល់ទេ (ក្រុមទី៤)

៣) តើជំងឺខ្សោយពោះវៀននេះមាន លក្ខណៈធ្ងន់ធ្ងរដែរឬទេ?
ជាទូទៅជំងឺខ្សោយពោះវៀន វាមិនមានបង្កជាផលវិបាកធ្ងន់ធ្ងរទេ តែវាមានភាពរំខានខ្លាំងក្នុងជីវភាពរស់នៅរបស់អ្នកជំងឺ។

៤) តើធ្វើយ៉ាងណាដើម្បីអោយដឹងថា អ្នកជំងឺមានជំងឺខ្សោយពោះវៀនពិតប្រាកដមែន?
ជាទូទៅការធ្វើរោគវិនិច្ឆ័យនៃជំងឺខ្សោយពោះវៀន គឺពឹងផ្អែកទៅលើរោគសញ្ញា ដែលផ្តល់ដោយអ្នកជំងឺ យ៉ាងណាម៉ិញ មានជំងឺមួយចំនួនអាចស្តែងចេញរោគសញ្ញាដូចជំងឺខ្សោយពោះវៀនដែរដូចជា ជំងឺរលាកពោះវៀនដោយសារមេរោគដំបៅពោះវៀន និងជំងឺមហារីកពោះវៀនជាដើម។ ដូចនេះ ដើម្បីធ្វើរោគវិនិច្ឆ័យនៃជំងឺខ្សោយពោះវៀនអោយបានសុក្រិត អ្នកជំងឺគួរតែទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកថ្លើម-ក្រពះ-ពោះវៀន។

៥) តើមានវិធីអ្វីអាចបង្ការជំងឺនេះបានដែរឬទេ?
ជំងឺនេះមិនទាន់មានវិធីបង្ការណាមួយជាក់លាក់ទេ ព្រោះមូលហេតុពិតប្រាកដនៃជំងឺខ្សោយពោះវៀន មិនទាន់បានត្រូវគេរកឃើញនៅឡើយ ប៉ុន្តែគេសង្កេតឃើញថា សុខភាពផ្លូវចិត្តមានការប៉ះពាល់យ៉ាងខ្លាំងទៅលើជំងឺនេះ។ អ្នកដែលមានសម្ពាធការងារ ឬគ្រួសារច្រើន ភាគច្រើនមានបញ្ហានេះជាញឹកញាប់។ អ្នកដែលមានសុខភាពផ្លូវចិត្តល្អ ភាគច្រើនមិនមានបញ្ហានេះទេ។

៦) តើអ្នកជំងឺខ្សោយពោះវៀន គួរតមអ្វីខ្លះ?
ជាទូទៅចំណីអាហារមិនមែនជាកត្តាបង្កជំងឺខ្សោយពោះវៀននោះទេ ប៉ុន្តែចំណីអាហារមួយចំនួនអាចធ្វើឲ្យមានលេចចេញរោគសញ្ញាខ្សោយពោះវៀនកាន់តែច្បាស់ និងខ្លាំងក្លា។ អ្នកជំងឺម្នាក់ៗអាចឆ្លើយតបទៅនឹងចំណីអាហារខុសៗគ្នាដូចជាៈ
– អ្នកខ្លះញ៉ាំម្ជូរមិនបាន
– អ្នកខ្លះញ៉ាំស៊ុតមិនបាន
– អ្នកខ្លះទៀតញ៉ាំបន្លែមិនបាន
ដូចនេះការតមអាហារគឺធ្វើទៅតាមករណីរបស់អ្នកជំងឺនីមួយៗ។

បញ្ជាក់៖ ដោយជំងឺខ្សោយពោះវៀនជាជំងឺមួយដែលគេតែងជួបប្រទះញឹកញាប់ តែរោគសញ្ញានៃជំងឺនេះមានការភាន់ច្រឡំទៅនឹងជំងឺមួយចំនួនដែលអាចមានលក្ខណៈធ្ងន់ធ្ងរ អ្នកជំងឺដែលមានរោគសញ្ញានៃជំងឺខ្សោយពោះវៀន គួរតែជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេស ផ្នែកថ្លើម-ក្រពះ-ពោះវៀន ដើម្បីធ្វើរោគវិនិច្ឆ័យអោយបានច្បាស់លាស់និងទទួលនូវសេវាព្យាបាលអោយបានត្រឹមត្រូវ ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print