ភ្នំពេញ : «ជប៉ុន នឹងផ្ដល់ឥណទានសម្បទាន សម្រាប់គម្រោងប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹក ក្នុងតំបន់ភាគនិរតី នៃរាជធានីភ្នំពេញ»។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ។
នៅយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា, ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្តី្រ រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ នៃឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ២.៤៨២ លានយ៉េន (ប្រមាណ ១៨,២៤ លានដុល្លារអាមេរិក) សម្រាប់អនុវត្ត “គម្រោងកែលម្អ និងស្តារប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះ ទឹកភាគនិរតី នៃរាជធានីភ្នំពេញ ដំណាក់កាលទី២» នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។
ការផ្តល់ឥណទានខាងលើ នឹងចូលរួមចំណែកបង្កើនកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍សេដ្ឋកិច្ច- សង្គមជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អប្រពៃ និងកិច្ចសហប្រតិបត្តិការដែលកំពុងលូតលាស់លើគ្រប់វិស័យ រវាងប្រទេសទាំងពីរ៕
ដោយ : សិលា