ខេត្តព្រៃវែង៖ នៅរសៀលថ្ងៃទី ០៧ ខែ មេសា ឆ្នាំ ២០២៣ នេះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានដឹកនាំបើកកិច្ចប្រជុំលើកទី២ រយៈពេលមួយខែ ដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់អធិការដ្ឋានក្រុង ស្រុក ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដោយមានការចូលរួមពីសំណាក់លោកអធិការក្រុង-ស្រុក ទាំង ១៣ ។
នៅក្នុងកិច្ចប្រជុំខាងលើ លោក ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានដាក់ចេញនូវបទបញ្ជាដល់លោកអធិការនគរបាលក្រុង-ស្រុក ទាំង ១៣ ត្រូវពង្រឹងសមត្ថភាពមន្ត្រីនគរបាល ពង្រឹងការអនុវត្តការងារ វិន័យកងកម្លាំង និងដាក់ចេញនូវយុទ្ធនាការមុនពីធីបុណ្យចូលឆ្នាំខ្មែរ អធិការក្រុង-ស្រុក ទាំង ១៣ ត្រូវបង្ក្រាបក្រុមក្មេងទំនើង ល្បែងស៊ីសង និងគ្រឿងញៀន ពិសេសក្រុងព្រៃវែង ។
បន្ទាប់ពីទទួលបានការណែនាំ និងដាក់ចេញនូវបទបញ្ជា ក្នុងការអនុវត្តការងារបន្ត លោកអធិការនគរបាលក្រុង-ស្រុក ទាំង ១៣ បានប្ដេជ្ញាអនុវត្តឲ្យបានល្អផងដែរ ។
សូមបញ្ជាក់ផងដែរថា, លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ឡើងកាន់តំណែងថ្មីៗក៏ពិតមែន ប៉ុន្តែលោកបានបញ្ចេញស្នាដៃប្រកបដោយភាពទទួលខុសត្រូវ បង្ក្រាបបទល្មើសគ្រឿងញៀន ក្រុមបងតូចបងធំ អំពើឆក់ប្លន់ បំបែកសំណុំរឿងបទឧក្រិដ្ឋ ទទួលបានលទ្ធផលគួរឲ្យមោទនភាព ដែលមានការគាំទ្រពីគណៈបញ្ជាការឯកភាពខេត្ត តំណាងអយ្យការអមសាលាដំបូងខេត្ត ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការតាមមន្ទីរជុំវិញខេត្តជាដើម ៕
ដោយ : សិលា