ខេត្តតាកែវ ៖ លោក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់បានប្រាប់អោយដឹងនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣នេះថា កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកត្រាំកក់ ខេត្តតាកែវ បានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យចំនួន៤នាក់(ក្នុងនោះមានម្នាក់ជាចៅបង្កេីតរបស់ជនរងគ្រោះ) ក្រោយពីបុរសវ័យចំណាស់ម្នាក់បានដាក់ពាក្យប្តឹងចៅបង្កើតរបស់ខ្លួនដែលបានលួចគាស់ទូយកលុយអស់ជាង១ម៉ឺនដុល្លាររួមទាំងខ្សែក២ខ្សែ កាលពីវេលាម៉ោង៣:៣០នាទីថ្ងៃទី២ ខែមេសា ២០២៣ នៅចំណុចភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ ។
ជនសង្ស័យទាំង០៤នាក់ខាងលេីរួមមាន៖ ១-ឈ្មោះមូល ពិសិដ្ឋ ហៅពេជ្រ ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ត្រូវជាចៅបង្កើតជនរងគ្រោះ ជាអ្នកធ្វើសកម្មភាពលួច
ដែលកម្លាំងសមត្ថកិច្ចដកហូតវត្ថុតាងមាន ម៉ូតូម៉ាកនិចផលិតឆ្នាំ២០២៣ គ្មានផ្លាកលេខ១គ្រឿង, ទូរស័ព្ទអាយហ្វូន១៣ប្រូ១គ្រឿង, ខ្សែក២ខ្សែ និងប្រាក់ដុល្លារចំនួន១ម៉ឺនដុល្លារ។ ទី២-ឈ្មោះ អុឹង សុភានុត ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិអូរឈើនាងខាងលិច ឃុំអូរឈើនាង ស្រុកកំពង់ត្រាច ដកហូតវត្ថុតាង ម៉ូតូម៉ាកនិចផលិតឆ្នាំ២០២៣គ្មានផ្លាកលេខ១គ្រឿង, ទូរស័ព្ទអាយហ្វូន១៣ប្រូ១គ្រឿង(ទទួលផលចោរកម្មឈ្មោះមូល ពិសិដ្ឋទិញឱ្យ)។ ទី៣-ឈ្មោះ រ៉េន ចាន់យូ ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិកំពង់ត្រាចទី២ ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ដកហូតវត្ថុតាងម៉ូតូម៉ាកនិចផលិតឆ្នាំ២០២៣គ្មានផ្លាកលេខ១គ្រឿង, ទូរស័ព្ទអាយហ្វូន១៣ប្រូ១គ្រឿង(ទទួលផលចោរកម្ម ឈ្មោះមូល ពិសិដ្ឋ ជាអ្នកទិញឲ្យ) និងទី៤-ឈ្មោះ ហេង មករា ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិរបងក្រាស់ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ដកហូតវត្ថុតាងម៉ូតូម៉ាកនិចផលិតឆ្នាំ២០២៣គ្មានផ្លាកលេខ១គ្រឿង, ទូរស័ព្ទអាយហ្វូន១២ប្រូ១គ្រឿង (ទទួលផលចោរកម្មឈ្មោះមូល ពិសិដ្ឋទិញឲ្យ)។
លោក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានបញ្ជាក់ថា ក្រោយកើតហេតុនិងទទួលបានពាក្យបណ្ដឹងជនរងគ្រោះមានករណីជនសង្ស័យប្រដាប់ដោយកាំបិតបានធ្វើសកម្មភាពគាស់ទ្វារផ្ទះនិងគាស់ថតតុរបស់បុរសឈ្មោះ អ៊ុយ ម៉ៅ ភេទប្រុសអាយុ៦៩ឆ្នាំនៅភូមិមហាសេនា ឃុំតាភេម យកបានសម្ភារៈរួមមានះ ខ្សែកមាសចំនួន២ខ្សែ ប្រាក់ដុល្លារចំនួន១៤.៥០០ដុលា្លរ រួចគេចខ្លួនបាត់នៅពេលជីតាជីដូននិងក្រុមគ្រួសារចេញទៅឆេងម៉េងអស់។ ភ្លាមៗនោះសមត្ថកិច្ចរបស់លោកបានចុះធ្វើការស្រាវជ្រាវដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត ព្រមទាំងដឹកនាំសម្របសម្រួលដោយព្រះរាជអាជ្ញាសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ ២០២៣ វេលាម៉ោង៦:០០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកដឹកនាំផ្ទាល់ដោយលោក ឌុក ធីយ៉ា សហការជាមួយកម្លាំងស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុនិងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំងនេះតែម្តង។
បច្ចុប្បន្ននេះ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់កំពុងសាកសួរនិងកសាងសុំណុំរឿងបញ្ជូនក្រុមជនសង្ស័យទៅកាន់តុលាការចាត់ការតាមច្បាប់៕ដោយ ៖ ភារ៉ា ដង្កោ