ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តបាត់ដំបងដែលអង្គភាពយើងទើបតែទទួលបាននៅព្រឹកថ្ងៃទី១០ខែមេសា ឆ្នាំ២០២៣នេះបានអោយដឹងថាមានករណីក្មេងស្រី០១នាក់បានស្លាប់យ៉ាងអាណោចអាធ័ម និងម្នាក់ទៀតត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យក្រោយពួកគេនាំគ្នាចុះលេងទឹកអាងហើយបានលង់។
ក្នុងរបាយការណ៍ដដែលបានអោយដឹងទៀតថាករណីនេះបានកើតឡើងកាលពីវេលាម៉ោង ១៣និង០០នាទី ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ នៅចំណុចក្រុមទី២ ស្ថិតក្នុងភូមិស្រែរាជ ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។
តាមបញ្ជាក់ពីសមត្ថកិច្ចបានអោយដឹងថា ក្មេងរងគ្រោះ (ស្លាប់)មានឈ្មោះ ប្រុស សុវណ្ណត្តី ភេទស្រី អាយុ ១០ឆ្នាំ និងក្មេងរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ឈ្មោះ រឿន ដារ៉ា ភេទស្រី អាយុ១០ឆ្នាំ ទាំងពីរនាក់រស់នៅក្នុងភូមិស្រែរាជ ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុនិងបានពិនិត្យកោសល្យវិច័យរួចបានសន្និដ្ឋានថាសពក្មេងរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកអាងពិតប្រាកដមែន បន្ទាប់មកក៏បានប្រគល់ឲ្យអាណាព្យាបាលយករៀបចំធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ចន្ទ លីហ្សា