សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣ បានផ្សាយថា រដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក Gerald Darmanin កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ បាននិយាយថា មនុស្ស ៤នាក់បានស្លាប់ និង៩នាក់ផ្សេងទៀត រងរបួសក្នុងហេតុការណ៍បាក់ផ្ទាំងទឹកក នៅភាគនិរតីនៃភ្នំMont Blanc ក្នុងតំបន់ជួរភ្នំអាល់ (Alps) នៃប្រទេសបារាំង។
លោក Darmanin បានសរសេរនៅលើ Twitter ថា ផ្ទាំងទឹកកកនៃចំណុច អាម៉ង់សែត (Armancette) របស់តំបន់ភ្នំអាល់ បានបាក់នៅវេលាពាក់កណ្តាលថ្ងៃត្រង់។ លោក អេម៉ានុយអែល កូកង់ (Emmanuel Coquand) អ្នកនាំពាក្យអាជ្ញាធរមូលដ្ឋាននៃតំបន់ អូត សាវ័រ (Haute-Savoie) បាននិយាយថា មនុស្សដែលជាប់ក្នុងហេតុការណ៍នោះគឺជាអ្នកជិះស្គីតាមជនបទនៅលើភ្នំ ហើយអត្តសញ្ញាណជនរងគ្រោះស្ថិតក្នុងដំណើរការបញ្ជាក់នៅឡើយ។ ចំណែក ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានគូសបញ្ជាក់ថា ភ្នាក់ងារជួយសង្គ្រោះកំពុងបន្តស្វែងរកអ្នកស្លាប់ និងរបួសបន្ថែមទៀត ហើយថារដ្ឋាភិបាលនឹងនៅជាមួយជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ។
ផ្ទាំងទឹកកកនេះស្ថិតនៅក្បែរភូមិ និងរមណីយដ្ឋានជិះស្គី ឡេ កុនតាមីន ម៉ុងហ្ស័រ (Les Contamines-Montjoie) ហើយការបាក់រលាយមានទំហំធំ ដោយគ្របដណ្ដប់លើផ្ទៃដីជាង ១គីឡូម៉ែត្រក្រឡា នៅរយៈ កម្ពស់ ៣,៥០០ម៉ែត្រ ខណៈមូលហេតុកំពុងស្ថិតក្រោមការស៊ើបអង្កេត៕
រូបថត : Reuters