ខ្សែបម្រើស្លាបរបស់ក្លិប Wolverhampton កីឡាករ Wanderers Daniel Podence បានបដិសេធការស្តោះទឹកមាត់ដាក់កីឡាករ Brennan Johnson របស់ក្លិប Nottingham Forest អំឡុងពេលប្រកួតស្មើ ១–១ កាលពីថ្ងៃសៅរ៍ បន្ទាប់ពីសមាគមបាល់ទាត់អង់គ្លេស (FA) បានចោទប្រកាន់គាត់ជុំវិញឧប្បត្តិហេតុនេះ។
កីឡាករ Johnson បានចោទប្រកាន់ Podence ដែលបានស៊ុតបាល់តាមស្មើឲ្យក្រុម Wolves បានស្ដោះទឹកមាត់ដាក់គាត់នៅនាទីទី៩០នៃការប្រកួត។ ឧប្បត្តិហេតុនេះត្រូវបានត្រួតពិនិត្យដោយ VAR នៅពេលនោះ ហើយមិនមានចំណាត់ការណាមួយលើកីឡាករវ័យ២៧ឆ្នាំនោះទេ ប៉ុន្តែកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះត្រូវបានចោទប្រកាន់កាលពីថ្ងៃពុធសប្តាហ៍នេះ។
កីឡាករ Podence បាននិយាយនៅលើ Instagram កាលពីថ្ងៃសុក្រថា “ដូចដែលខ្ញុំត្រូវបានគេចោទប្រកាន់ពីអ្វីមួយដែលខ្ញុំមិនបានធ្វើ… នឹងបញ្ជាក់ឱ្យច្បាស់ថា ខ្ញុំមិនបានស្តោះទឹកមាត់ដាក់កីឡាកររបស់ Nottingham ទេ។ ខ្ញុំនិយាយការពិត ហើយខ្ញុំមិនដែលធ្វើរឿងបែបនេះទេ សូម្បីតែមិត្តរួមការងារ”។
ករណីខាងលើកីឡាករ Podence នឹងប្រឈមមុខនឹងការព្យួរការប្រកួតចំនួន៦ប្រកួត ប្រសិនបើរកឃើញថាមានកំហុសប្រាកដមែន។
គួរបញ្ជាក់ថា បច្ចុប្បន្នក្រុម Wolverhampton កំពុងឈរលេខ១៤ មាន២៨ពិន្ទុក្នុង២៩ប្រកួតនឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះ Chelsea នៅរាត្រីថ្ងៃសៅរ៍នេះ។ ចំណែកក្រុម Nottingham Forest កំពុងឈរលេខ១៧មាន២៧ពិន្ទុក្នុង២៩ប្រកួតនឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះAston Villa នៅរាត្រីថ្ងៃសៅរ៍នេះដែរ ៕ (រូបភាព ៖ Reuters/CNA)