ខេត្តកំពង់ស្ពឺ៖ស្ត្រីម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីរថយន្តបុកម៉ូតូនៅតាមបណ្តោយផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រ៥៨-៥៩ត្រង់ចំណុចក្បាលស្ពានភូមិកណ្តាល ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីវេលាម៉ោង១០.២០នាទីយប់ថ្ងៃទី១០ខែមេសាឆ្នាំ២០២៣។
នគរបាលស្រុកភ្នំស្រួចបានឲ្យដឹងថាមុនកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1HU-0850 បើកបរដោយស្ត្រីរងគ្រោះមានឈ្មោះឡុក គន្ធា អាយុ៣៤ឆ្នាំ។
រស់នៅភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាលបើកបរពីទិសខាងលិចទៅទិសខាងកើត។
មកដល់ចំណុចកើតហេតុខាងលើត្រូវរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកនឹងអត្តសញ្ញាណអ្នកបើកបរបុកម៉ូតូស្ត្រីរងគ្រោះពីក្រោយពេញទំហឹងបណ្តាលស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តងទៅ។
ប្រភពបានបន្តទៀតថាក្រោយកើតហេតុរថយន្តបង្កបានបន្ថែមល្បឿនរត់គេចខ្លួនបាត់ស្រមោលបើកបរស្របទិសគ្នា។
មន្ត្រីជំនាញបានធ្វើការវាស់វែង ព្រមទាំងបានប្រគល់សពជនរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
វត្ថុតាងម៉ូតូ យកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលមហាសាំង ចំពោះរថយន្តបង្កបើករត់គេចពីកន្លែងកើតហេតុ។
ករណីនេះ កម្លាំងនគរបាលកំពុងធ្វើការស្រាវជ្រាវ៕
ដោយ៖ចន្ទ លីហ្សា