រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អាមេរិកបានបែកធ្លាយព័ត៌មានចារកម្ម តាមដានប្រមុខដឹកនាំប្រទេសជាច្រើនជុំវិញពិភពលោក ក្នុងនោះមានទាំងការសន្ទនាតាមទូរស័ព្ទផងដែរ ។ នៅពេលនេះប្រធានាធិបតីអ៊ុយក្រែនបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ក្រោយពេលដែលបែកធ្លាយព័ត៌មានតាមដានរូបលោក។
ប៉ុន្មានសប្តាហ៍នេះអាមេរិកបានបែកធ្លាយព័ត៌មានចារកម្មស្តីពីសកម្មភាពសង្គ្រាមរុស្ស៊ី-អុយក្រែន និងសកម្មភាពពាក់ព័ន្ធ ព្រមទាំងមជ្ឈិមបូព៌ាផងដែរ ។
ពាក់ព័ន្ធនឹងករណីនេះ មន្ត្រីសន្តិសុខជាន់ខ្ពស់មួយរូបរបស់កូរ៉េខាងត្បូងបាននិយាយនៅថ្ងៃអង្គារនេះថា ព័ត៌មានដែលមាននៅក្នុងឯកសារសម្ងាត់របស់សហរដ្ឋអាមេរិកដែលបានបែកធ្លាយ និងហាក់ដូចជាផ្អែកលើការពិភាក្សាផ្ទៃក្នុង ក្នុងចំណោមមន្ត្រីកំពូលកូរ៉េខាងត្បូង គឺ «ជាព័ត៌មានមិនពិត ហើយត្រូវបានកែប្រែ»។
ទីប្រឹក្សាសន្តិសុខជាតិរង លោក គីម តេយ៉ូ (Kim Tae-hyo) បានធ្វើការកត់សម្គាល់បែបនេះ ក្នុងពេលចេញដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោនដើម្បីរៀបចំដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី យូន ស៊ុកយុល (Yoon Suk Yeol) ទៅកាន់សហរដ្ឋអាមេរិកនៅថ្ងៃទី២៦ ខែមេសា ព្រមជាមួយនឹងការសង្កត់ធ្ងន់ថា សម្ព័ន្ធភាពរវាងប្រទេសទាំងពីរនៅតែរឹងមាំ។
លោក គីម បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា «ប្រទេសទាំងពីរមានការវាយតម្លៃដូចគ្នាថា ព័ត៌មានជាច្រើនដែលបែកធ្លាយនោះត្រូវបានកែប្រែ ហើយរបាយការណ៍ស្តីពីកូរ៉េខាងត្បូងគឺ «មិនពិត» នោះទេ»។ ទោះជាយ៉ាងនេះក្តី លោក គីម មិនបានបញ្ជាក់លម្អិតថា តើចំណុចណាមួយដែលជាព័ត៌មានមិនពិតនោះឡើយ។
ឯកសារសម្ងាត់បែកធ្លាយជាច្រើនត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនាពេលថ្មីៗនេះ ដោយមាននិយាយពីសង្គ្រាមនៅអ៊ុយក្រែន រួមទាំងឯកសារមួយ ដែលផ្តល់ព័ត៌មានលម្អិតនៃការពិភាក្សាផ្ទៃក្នុងក្នុងចំណោមមន្ត្រីកូរ៉េខាងត្បូងជុំវិញការរងសម្ពាធរបស់សហរដ្ឋអាមេរិកដើម្បីជួយផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន៕ ដោយធីរីណា
រូបថត : AFP