ពលរដ្ឋកូរ៉េខាងត្បូងជាង៣០០នាក់ ត្រូវជម្លៀសខ្លួនចេញពីលំនៅឋានដោយភ្លើងឆេះព្រៃ

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០២៣នេះ បានផ្សាយថា អាជ្ញាធរកូរ៉េខាងត្បូងបានឱ្យដឹងថា មនុស្សប្រមាណជា៣០០នាក់ត្រូវបានជម្លៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេដែលស្ថិតក្នុងទីក្រុងGangneung ជាប់បណ្តោយឆ្នេរភាគខាងកើតនៃប្រទេសកូរ៉េខាងត្បូង ស្របពេលដែលភ្លើងឆេះព្រៃមួយបានកើនឡើងឥទ្ធិពលខ្លាំង ដោយសារតែកម្លាំងខ្យល់បូករួមជាមួយភាពស្ងួតហែង នៃអាកាសធាតុ។

ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យបានជួបការលំបាកក្នុងការគ្រប់គ្រងភ្លើងឆេះព្រៃខាងលើ ដែលបានចាប់ផ្តើមកាលពីខ្ទង់ម៉ោង៨ៈ៣០នាទីព្រឹកថ្ងៃអង្គារនេះ ខណៈយន្តហោះពន្លត់អគ្គិភ័យមិនអាចធ្វើប្រតិបត្តិការបាន ដោយសារតែមានខ្យល់បោកបក់ខ្លាំងពេក។ អភិបាលខេត្តកាងវ៉ុន (Gangwon) លោក គីម ជីនតែ (Kim Jin Tae) បានឱ្យដឹងថា ភ្លើងឆេះព្រៃនោះបានដុតបំផ្លាញផ្ទៃដីលើសពី១៧០ហិកតា និងបានបង្ខំឱ្យមនុស្សខ្ទង់ ៣០០នាក់ នៅក្នុងទីក្រុងកាងណឹងត្រូវជម្លៀសខ្លួនគិតត្រឹមម៉ោង១រសៀល។ ទីក្រុងនេះមានមនុស្សរស់នៅសរុបជាង ២០០,០០០នាក់។
យ៉ាងណាមិញ ពុំទាន់មានសេចក្តីរាយការណ៍អំពីមនុស្សរងគ្រោះថ្នាក់ស្លាប់ឬរបួសក្នុងហេតុការណ៍ភ្លើងឆេះព្រៃនេះ នៅឡើយទេ។ បើតាមលោកអភិបាលខេត្តកាងវ៉ុន អគ្គិភ័យទំនងជាត្រូវបានបង្កឡើងក្រោយខ្យល់បក់ខ្លាំងបានធ្វើឱ្យដើមឈើមួយដើមរលំទៅលើខ្សែអគ្គិសនី ដែលនៅក្បែរនោះ។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយ៉ុល បានចេញបញ្ជាឱ្យអាជ្ញាធរប្រើប្រាស់គ្រប់ធនធានដែលមានដើម្បីពន្លត់ភ្លើងឆេះព្រៃនេះឱ្យបានឆាប់តាមដែលអាចទៅរួច ហើយជម្លៀសខ្លួនប្រជាជនដែលនៅក្បែរខាងឱ្យបានឆាប់រហ័សដើម្បីកាត់បន្ថយហានិភ័យនៃជនរងគ្រោះ៕ ដោយធីរីណា

...

រូប​ថត​ : YONHAP NEWS

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print