ភ្នំពេញ៖ ដើម្បីអោយពិធីបុណ្យកាត់ឬសសីមាព្រះវិហារនិងសម្ពោធសមិទ្ធផលនានា នៅវត្តព្រះបារមីវង្កតបុរី រយៈពេល៣យប់៤ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២២ដល់ថ្ងៃទី២៤ មេសាឆ្នាំ២០២៣ខាងមុខនេះប្រព្រឹត្តទៅដោយរលូន ទាំងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ រោងពិធី ក្រុមសិល្បៈ រួមទាំងម្ហូបអាហារ ឬចង្ហាន់ប្រគេនព្រះសង្ឃផងនោះ អាជ្ញាធររាជធានីភ្នំពេញ និងអនុគណៈកម្មការផ្សេងៗ ព្រមទាំងកងកម្លាំងពាក់ព័ន្ធមួយចំនួនទៀត បានបើកកិច្ចប្រជុំពិភាក្សាជាថ្មីម្តងទៀត ។
កិច្ចប្រជុំនេះធ្វើឡើងនារសៀលថ្ងៃទី១១មេសានេះ ក្រោមវត្តមានលោកសេង ទៀង រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និង ជានាយករងខុទ្ទកាល័យ សម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
ពិធីបុណ្យនេះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែននឹងអញ្ជើញជាអធិបតីភាពដ៏ខ្ណង់ខ្ពស់ក្នុងពិធីកាត់ឬសសីមា ។
កិច្ចប្រជុំនេះ បានពិភាក្សាយ៉ាងលំអិតទៅលើកាេងារសំខាន់ៗមួយចំនួន មានទាំង ការរៀបចំរោងទិសទាំង៩ ការសម្រេចយកចុងភៅរួម ការរៀបចំកន្លែងផ្ញើរយានយន្តដោយមិនយក ប្រាក់ ក្រុមសិល្បៈក្នុងពិធីត្រូវបានសម្រេចរៀបចំឡើងដោយខាងទូរទស្សនបាយ័នដែលមានទាំងល្ខោនបាសាក់ ,ចាប៉ីដងវែង ,អាយ៉ៃឆ្លើយឆ្លងនិងការប្រគុំតន្ត្រីជាដើម។ចំណែកខាងទូរទស្សន៍ជាតិនឹងត្រូវឡាយផ្ទាល់ក្នុងពិធីនេះផងដែរ។ បន្ថែមពីនេះ កិច្ចប្រជុំក៏បានសម្រេចអោយរដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹងលំអិតពីពិធីបុណ្យ នេះផងដែរ ដើម្បីអោយប្រព័ន្ធផ្សព្វផ្សាយនានាយកទៅផ្សព្វផ្សាយអោយសាធារណៈជនបានដឹងនិងបានមកចូលរួមក្នុងពិធីបុណ្យនេះអោយបានអធឹកអធម។
វត្តព្រះបារមីវង្កតបុរី ជាទីអារាមមួយដែលបានតំកល់ធាតុមាតា បិតារបស់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ។ ក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចទាំងទ្វេ វត្តព្រះបារមីវង្កតបុរី នឹងត្រូវធ្វើពិធីបុណ្យកាត់ឬសសីមាព្រះវិហារដ៏ធំមួយ ដោយចាប់ផ្តើមពីថ្ងៃទី២២ដល់ថ្ងៃទី២៤ មេសាឆ្នាំ២០២៣ ។ សម្រាប់ថ្ងៃ២៤មេសាសម្ដេច តេជោហ៊ុនសែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន និងអញ្ជើញកាត់សីមា៕ . សំរិត