ភ្នំពេញ : អាស៊ីតអ៊ុយរិក ជាកាកសំណល់មេតាបូលិក ដែលបណ្ដាលមកពីការផលិតពីសរីរាង្គ និងបរិភោគអាហារសំបូរជាតិពុយរីន ច្រើនហួស ឬអសមត្ថភាពក្នុងការបញ្ចេញសារធាតុនេះពីក្នុងខ្លួន។ កម្រិតជាតិអាស៊ីតអ៊ុយរិកខ្ពស់នៅក្នុងឈាម (Hyperuricemia) ជាវិបត្តិមេតាបូលិក ដែលមានផលប៉ះពាល់ខ្លាំងទៅលើ សន្លាក់ និងតម្រងនោម។ នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ។
ក) អាហារដែលសំបូរដោយសារធាតុពុយរីន (purines) មានដូចជា៖
– ប្រភេទសាច់: គ្រឿងក្នុងសត្វ (ថ្លើម, កោះ, ខួរ…) គ្រឿងសមុទ្រ
– ភេសជ្ជៈផ្អែម និងគ្រឿងស្រវឹង
– ប្រភេទបន្លែផ្លែឈើៈ
• ផ្សិត
• ស្ពៃក្ដោប
• ខាត់ណា
• ផ្កាខាត់ណា
• ទំពាំងបារាំង និងសណ្ដែកខៀវ…។
ខ) អាហារដែលមិនសូវសំបូរជាតិ ពុយរីន មានដូចជាៈ
– នំបុ័ង
– ផ្លែឈើ
– ទឹកដោះគោ
– ស៊ុត
– តែ កាហ្វេជាដើម។ល។
គ) រោគសញ្ញានៃជំងឺទាំងនោះរួមមាន៖
– ការឈឺសន្លាក់ ភាគច្រើនឈឺតែម្ខាង (ម្រាមមេជើង, កជើង, ជង្គង់, កដៃ, កែងដៃ…) ជាពិសេសម្រាមមេជើង។
– ការហើមនៅសន្លាក់ដែលឈឺ ពិសេសពេលយប់
– ក្ដៅខ្លួន
– ឈឺសន្លាក់ខ្លាំងក្រោយពីពិសា ស្រា ស្រាបៀរ គ្រឿងសមុទ្រ សាច់ក្រហម គ្រឿងក្នុងសាច់សត្វ។
– ឡើងដុំពកក្រោមស្បែក (ដុំកំណកជាតិអាស៊ីត)
ឃ) មូលហេតុ និងកត្តារួមផ្សំ៖
– ជំងឺឡើងជាតិអាស៊ីតនៅក្នុងឈាម ច្រើនកើតលើមនុស្សប្រុសវ័យលើសពី ៥០ ឆ្នាំ
– លើសពី ៩៥% នៃជំងឺមិនមានមូលហេតុជាក់លាក់ទេ
– មានមូលហេតុដ៏ទៃទៀតដែលអាចបណ្ដាលអោយមានវិបត្តិលើសជាតិអាស៊ីតអ៊ុយរិកដែរ ដូចជាជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ ជំងឺបែកគ្រាប់ឈាម ជំងឺក្រពេញទីរ៉ូអ៊ីត និងការប្រើថ្នាំដោយគ្មានការពិគ្រោះជាមួយគ្រូពេទ្យបានត្រឹមត្រូវ។
ង) ការព្យាបាល៖
– បន្ថយជាតិអាស៊ីតក្នុងឈាមដោយប្រើថ្នាំ ដោយមានការវាយតម្លៃភាពចាំបាច់ពីគ្រូពេទ្យ
– បន្ថយការឈឺចាប់សន្លាក់
– ការពារនូវការវិវត្តដល់ការខូច ទ្រង់ទ្រាយសន្លាក់ និងខូចតម្រងនោម…។
ច) ដំបូន្មានសំរាប់អ្នកជំងឺឡើងជាតិអាស៊ីត៖
– ជៀសវាងការបរិភោគអាហារដែលសំបូរជាតិពុយរីន (ដូចបានរៀបរាប់ខាងលើ)
– ពិសាទឹក តិចបំផុត ២លីត្រ ក្នុង១ថ្ងៃ
– ជៀសវាងការពិសាគ្រឿងស្រវឹង
– ពិគ្រោះ និងទទួលការព្យាបាលត្រឹមត្រូវជាមួយគ្រូពេទ្យឯកទេស ដើម្បីការឈានរកមូលហេតុនៃជំងឺ និងផលប៉ះពាល់សរីរាង្គផ្សេងៗដែលអាចកើតមាន។
“ចំពោះព័ត៌មានបន្ថែម និងការពិនិត្យលម្អិតតាមស្ថានភាពជាក់ស្តែងនៃជំងឺ សូមមេត្តាមកទំនាក់ទំនង និងជួបពិគ្រោះផ្ទាល់ជាមួយក្រុមគ្រូពេទ្យឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត។”
ដោយ : សហការី