ខេត្តកណ្តាល៖ ក្រោយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាប្រោសប្រទានសញ្ជាតិខ្មែរ របស់កីឡាករជនជាតិបេស៊ីល Thiago គេនឹងក្លាយជាឈ្មោះភាសាខ្មែរផ្លូវការថា, «សែន ចន្ទរិទ្ធីគុន» ។
យោងតាមអនុប្រធានកិត្តិយសរបស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរ លោក ស្រី ចាន់ថន បានបង្ហោះសារលើបណ្តាញសង្គមលោក នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ម្សិលមិញថា៖ «ខ្ញុំសូមប្រកាសជាសាធារណៈថា ឈ្មោះផ្លូវការជាភាសាខ្មែររបស់កីឡាករ Thiago គឺ សែន ចន្ទរិទ្ធីគុន»។
ជាមួយគ្នានេះដែរ លោក ស្រី ចាន់ថន ក៏បានអរគុណដល់ប្រជាជនខ្មែរដែលជាអ្នកគាំទ្រ Thaigo ដែលបានខមិនដាក់ឈ្មោះ ព្រមទាំងបានគូសបញ្ជាក់ថា បើមិនមានការគាំទ្រពីប្រជាជនខ្មែរនោះទេ ឈ្មោះមួយនេះមិនអាចលេចចេញជារូបរាងឡើយ។
បន្ទាប់ពីទទួលបានសញ្ជាតិ និង ឈ្មោះខ្មែរជាផ្លូវការ កីឡាករ Thiago ក៏បានថ្លែងអំណរគុណដល់អ្នកជួយជ្រោមជ្រែង និងអ្នកគាំទ្រ ជាពិសេសព្រះមហាក្សត្រខ្មែរ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ឱកាសដល់រូបលោក និងជឿជាក់ឱ្យលោកជាកីឡាករតំណាងកម្ពុជា។
លោកថា៖ «នេះពិតជាមានន័យខ្លាំងណាស់សម្រាប់ខ្ញុំ ចំពោះការជឿជាក់លើខ្ញុំក្នុងនាមជាអត្តពលិក និងជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា អរគុណដែលជឿជាក់លើខ្ញុំ»។
គួរឱ្យដឹងដែរថា ព្រះមហាក្សត្រខ្មែរ ទ្រង់បានឡាយព្រះហត្ថលេខានៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ លើព្រះរាជក្រឹត្យប្រោសប្រទានសញ្ជាតិខ្មែរដល់កីឡាករ Thiago ជនជាតិប្រេស៊ីលនិងភរិយាជនជាតិប៉ូឡូញ។
សូមបញ្ជាក់ថា : ព្រះមហាក្សត្រខ្មែរ ទ្រង់បានឡាយព្រះហត្តលេខានៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ លើព្រះរាជក្រឹត្យប្រោសប្រទានសញ្ជាតិខ្មែរដល់កីឡាករ Thiago ជនជាតិបេស៊ីល និងភរិយាជនជាតិប៉ូឡូញ។
កីឡាករ ធីអាហ្គូ តេយសឺរ៉ា ម៉ាឆាដូ (THIAGO TEIXEIRA MACHADO) ជាជនជាតិប្រេស៊ីល សញ្ជាតិប្រេស៊ីល កើតថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ១៩៨៨ នៅរដ្ឋ Sao Paulo សាធារណរដ្ឋសហព័ន្ធប្រេស៊ីល ហើយភរិយារបស់លោក គឺលោកស្រី រ៉ូម៉ា ម៉ារៀ រ៉ហ្សានស្កា ស្តេហ្វហ្វែន (ROMA MARIA ROZANSKA STEFFEN) ជាជនជាតិប៉ូឡូញ សញ្ជាតិអាមេរិក កើតថ្ងៃទី២១ ខែមេសា ឆ្នាំ១៩៨៣ នៅសាធារណរដ្ឋប៉ូឡូញ។
កីឡាករ Thiago និងភរិយាទទួលបានសញ្ជាតិខ្មែរ គឺធ្វើឡើងក្រោយតែ៣ថ្ងៃនាយករដ្ឋមន្ត្រីកម្ពុជាបានស្នើគាល់ព្រះមហាក្សត្រផ្ដល់សញ្ជាតិខ្មែរដល់អ្នកទាំងពីរកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ ជាមួយនឹងការផ្តល់ប្រាក់លើកទឹកចិត្តចំនួន២ម៉ឺនដុល្លារបន្ថែមទៀត ក្រោយពីកីឡាករ Thiago ត្រូវបានសហព័ន្ធកីឡាមួយថៃ WMOប្រកាសដកខ្សែក្រវ៉ាត់ដែលប្រកួតឈ្នះនៅប្រទេសអាល្លឺម៉ង់កាលពីថ្ងៃទី០១ ខែមេសា ក្រោមហេតុផលថាប្រកួតតំណាងឱ្យគុនខ្មែរ។
ជាមួយគ្នានេះ WMOបានប្រកាសជាផ្លូវការនៃការដកកីឡាកររូបនេះចេញពីបញ្ជីកីឡាកររបស់ខ្លួន ពោលលែងឱ្យកីឡាករ Thiago ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍WMOនាពេលអនាគត។
លោក ខៀវ កាញារឹទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានប្រគល់ប្រាក់អោយ ឱ្យកីឡាករ Thiago ១០០០ដុល្លារ ៕
ដោយ : សិលា