ភ្នំពេញ៖ លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យក្រុមការងារមន្ទីរធម្មការនិងសាសនា ត្រូវគ្រប់គ្រង ពិធីបុណ្យកាត់ឬសសីមាក្រោមអធិបតីភាពសម្តេចតេជោហ៊ុនសែន ថ្ងៃទី២៤មេសា ២០២៣ នៅវត្ដព្រះបារមីវង្គតបុរី ឲ្យ បានល្អប្រសើរ ។ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀចំ ពិធីបុណ្យកាត់ឬសសីមាព្រះវិហារនិងសម្ពោធសមិទ្ធផលនានា នៅវត្តព្រះបារមីវង្កតបុរីមានរយៈ ពេល៣យប់៤ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២២ដល់ថ្ងៃទី២៤ មេសា ។
ពិធីបុណ្យនេះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែននឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីកាត់ឬសសីមាពិធីកាត់ឬសសីមា។
ដើម្បីឱ្យពិធីនេះប្រព្រឹត្តទៅដោយភាពអធឹកអធម និងរក្សាបានសុខសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ ១០០ភាគរយជូនថ្នាក់ដឹកនាំប្រទេនោះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តែងបានដឹកនាំក្រុមការជំនាញចុះពិនិត្យទីតាំងជាក់ស្តែង ក្នុងទីអារាមវត្តនេះ ដែលស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែន និងបើកកិច្ចប្រជុំជាបន្តបន្ទាប់ជាមួយកងកម្លាំងពាក់ព័ន្ធ។
ជាក់ស្តែងកាលពីសៀលថ្ងៃទី១៧ ខែ មេសា ឆ្នាំ២០២៣នេះ លោកឃួង ស្រេង បានបន្តដឹកនាំមន្ត្រីជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញចុះ ពិនិត្យទីតាំងប្រារព្ធពិធី នៅទីតាំងរៀបចំវេទិកាគណអធិបតី ព្រះវិហារ កន្លែងរៀបចំកម្មវិធីកម្សាន្តសប្បាយ និងតាមរោងទិស ព្រមទាំងបើកកិច្ចប្រជុំពិភាក្សាលើការងារមួយចំនួនថែមទៀត ដើម្បីធានាថា ពិធីនេះបានប្រព្រឹត្តទៅដោយភាពអធឹកអធមនិងមានសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ១០០ភាគរយ ជូនថ្នាក់ដឹកនាំប្រទេស។
ថ្លែងនៅក្នុងកិច្ចប្រជុំដែលបានធ្វើឡើងក្នុងទីអារាមវត្តព្រះបារមីវង្កតបុរីនេះ លោកឃួងស្រេង បានជំរុញក្រុមការងារគ្រប់ផ្នែកអនុវត្តភារកិច្ចរៀងៗខ្លួនឱ្យបានល្អ លើការងាររៀបចំសន្តិសុខសណ្តាប់ធ្នាប់ ពិសេសកិច្ចការពារសុវត្ថិភាព ជូនសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន។
នៅក្នុងពិធីបុណ្យ៣យប់៤ថ្ងៃនេះ គឺមានរៀបចំក្រុមសិល្បៈកម្សាន្តជាច្រើនក្រុម ដើម្បីសម្តែងជូនទស្សនជនបានមើលកម្សាន្ត ក្នុងនោះមានក្រុមល្ខោនបាសាក់ ,ចាប៉ីដងវែង ,អាយ៉ៃឆ្លើយឆ្លងនិងការប្រគុំតន្ត្រីផងដែរ ។ដូច្នេះទេ ឯកឧត្ដមជម្រុញអោយមានការរៀបចំអោយបានល្អប្រសើរ។
សូមបញ្ជាក់ថា វត្តព្រះបារមីវង្កតបុរី ជាទីអារាមមួយដែលបានតំកល់ធាតុមាតា បិតារបស់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ។ ក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចទាំងទ្វេ វត្តព្រះបារមីវង្កតបុរី នឹងត្រូវធ្វើពិធីបុណ្យកាត់ឬសសីមាព្រះវិហារដ៏ធំមួយ ដោយចាប់ផ្តើមពីថ្ងៃទី២២ដល់ថ្ងៃទី២៤ មេសាឆ្នាំ២០២៣ ។ សម្រាប់ថ្ងៃ២៤មេសាសម្ដេច តេជោហ៊ុនសែននិងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន និងអញ្ជើញកាត់ឬសីមា ដោយនឹងមានការចូលរួមពីពុទ្ធបរិស័ទ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ៕ . សំរិត