(Update) ជនសង្ស័យជនជាតិចិន៧នាក់ ត្រូវបានចាប់ខ្លួន ករណីចាប់បង្ខាំងជនជាតិចិនដូចគ្នា ដើម្បីជំរិតទារប្រាក់១លានដុល្លារ

ចែករំលែក៖

    (ភ្នំពេញ)៖ យោងតាមប្រភពព័ត៌មានបន្ថែមពីសមត្ថកិច្ចបានឱ្យដឹងនៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះថា ករណីចាប់បង្ខាំងដើម្បីជំរិតទារប្រាក់១លានដុល្លារនេះ បានកើតឡើងនៅម៉ោង២យប់រំលងអាធាត្រ ចូលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣​ ខណៈពេលនោះក្រុមជនសង្ស័យមានគ្នាចំនួន៣នាក់ បានប្រើប្រាស់រថយន្តម៉ាក Vellfire ពាក់ផ្លាកលេខភ្នំពេញ 2BQ-0560 (ផ្លាកលេខក្លែងក្លាយ) និងផ្លាកលេខភ្នំពេញ 2BT-1768 ប្រដាប់ដោយអាវុធគ្រប់ដៃ។

ករណីចាប់បង្ខាំងជនជាតិចិនម្នាក់ ដើម្បីជំរិតទារប្រាក់១លានដុល្លារអាមេរិក នៅចំណុចចំណតរថយន្តនៃអគារស្នាក់នៅស្កាយវីឡា ដែលមានអាសយដ្ឋានអគារលេខ១៩២ ផ្លូវ១៦៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ត្រូវកម្លាំងនគរបាលស្រាវជ្រាវបង្ក្រាបបានឧក្រិដ្ឋជនជនជាតិចិនដូចគ្នា ចំនួន៧នាក់ នៅពីរគោលដៅផ្សេងគ្នា ក្នុងខណ្ឌដង្កោ ខណៈក្រុមគ្រួសារជនរងគ្រោះ សូមស្នើឲ្យតុលាការផ្តន្ទាទោសជនសង្ស័យតាមច្បាប់។

បន្ទាប់ពីបានទទួលបណ្ដឹងពីក្រុមគ្រួសារជនរងគ្រោះ សមត្ថកិច្ចជំនាញរបស់នាយកដ្ឋានចារកម្ម និងនាយកដ្ឋានកណ្ដាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានប្រតិបត្តិការបង្ក្រាបករណីនេះនៅយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ នៅចំណុចពីគោលដៅផ្សេងពីរគ្នា រួមមាន៖

* គោលដៅទី១៖ បុរីមួយកន្លែង នៅផ្លូវ៦០ម៉ែត្រ ផ្ទះលេខ ផ្លូវសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ

* គោលដៅទី២៖ បុរីមួយកន្លែង នៅផ្លូវ៥០ម៉ែត្រ ផ្ទះលេខ១៨ ផ្លូវលេខM26 សង្កាត់ ខណ្ឌដង្កោ រាជធានីភ្នំពេញ

សមត្ថកិច្ចបានបញ្ជាក់ទៀតថា នៅក្នុងប្រតិបតិ្តការនេះ សមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០៧នាក់ វត្ថុតាងដកហូត (គោលដៅទី១) រថយន្ដម៉ាក Alphard ពណ៌ស ផ្លាកលេខភ្នំពេញ 2BZ-9995 ចំនួន១គ្រឿង, រថយន្ដម៉ាក Alphard ពណ៌ខ្មៅ ផ្លាកលេខតាកែវ 2D-8888 ចំនួន១គ្រឿង, ផ្លាកលេខរថយន្ដ (មុខក្រោយ) ១គូលេខ ភ្នំពេញ 2BQ-0560, កាំភ្លើងវែង១ដើម មានបង់២, កាំភ្លើងខ្លី ១ដើម មានបំពាក់ឧបករណ៍ខ្ទប់សំលេង, បង់ចំនួន១, គ្រាប់កាំភ្លើងវែងខ្លីមួយចំនួន គ្រាប់បែក១ (ប្រគល់ជូនCMAC), កូនកាំបិត២, ខ្នោះដៃ៣គូ, វិទ្យុទាក់ទងចំនួន៣គ្រឿង, ទូរដែកចំនួន១, ទូរស័ព្ទដៃ២គ្រឿង, កាតសម្គាល់ខ្លួន២, អាវការពារគ្រាប់ចំនួន១ និងឯកសារមួយចំនួន។

វត្ថុតាងដកហូត (គោលដៅទី២) កាំភ្លើងម៉ាក់ ZOTAKI M9 06-T, គ្រាប់កាំភ្លើងចំនួន៦គ្រាប់, បង់ចំនួន១, ទូរស័ព្ទដៃ២គ្រឿង ម៉ាក OPPO ១គ្រឿង, ម៉ាក XIAOMI ១គ្រឿង, កាបូបពណ៌ខ្មៅ ចំនួន១ មានកាតមួយចំនួន, លិខិតឆ្លងដែនចំនួន១, រថយន្តមួយគ្រឿងម៉ាក Vellfier ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2BT-1768 មួយគ្រឿង។

ចំណែកជនរងគ្រោះត្រូវបានរំដោះ និងមានសុវត្ថិភាព ចំណែកសុខភាពមានលក្ខណៈទន់ខ្សោយ ដោយសារជនរងគ្រោះត្រូវបានក្រុមជនសង្ស័យ ធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរលើរាងកាយ។ ករណីនេះជនរងគ្រោះ និងមហាជន បានស្នើសុំអនុវត្តតាមច្បាប់ឲ្យតឹងរ៉ឹង លើក្រុមពួកជនសង្ស័យដែលជាពួកឧក្រិដ្ឋជន មានអង្គការចាត់តាំង និងចរិកប្រព្រឹត្តបទល្មើសព្រៃផ្សៃ (ធ្វើទារុណកម្ម) និងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់សង្គម ជាពិសេសប៉ះពាល់ដល់សន្តិសុខអ្នកវិនិយោគិនទាំងឡាយ ដែលបានបណ្ដាក់ទុននៅកម្ពុជា។

    ​    ក្រោយបញ្ចប់ការសួរនាំក្រុមឧក្រិដ្ឋជនទាំងអស់នោះ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមផ្លូវច្បាប់៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print