ព័ត៌មានបន្ថែម : ករណីផ្ទុះអាវុធមួយប្រាវរវាងកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ជាមួយក្រុមចោរ នៅខណ្ឌពោធិ៍សែនជ័យ, នគរបាលម្នាក់រងរបួស ខណៈចោរ២នាក់បានស្លាប់

ចែករំលែក៖

ភ្នំពេញ ៖ សូមបញ្ជាក់ថា, មានហេតុការណ៍បាញ់តដៃគ្នាមួយប្រាវរវាងកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាមួយក្រុមចោរមុខសញ្ញា ធ្លាប់ប្រព្រឹត្ត កាច់កម៉ូតូ និងលួចរថយន្ដ នៅវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះ ក្នុងភូមិសាស្ដ្រខណ្ឌពោធិ៍សែនជ័យ។

លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ អង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” តាមទូរស័ព្ទ នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ថា,

មុនឈានដល់ការប៉ះទង្កិចគ្នានេះ កម្លាំងសមត្ថកិច្ចបានក្ដាប់ជាប់នូវមុខសញ្ញាជនល្មើស លុះនៅពេលឡោមព័ទ្ធស្រាប់តែក្រុមជនល្មើស បានបាញ់ស្រោចមកលើសមត្ថកិច្ចតែម្ដង បណ្ដាលឲ្យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ម្នាក់រងរបួសចំជើង។

លោកបន្តថា, នៅពេលនេះ កម្លាំងនគរបាលជំនាញ បានប្រើប្រាស់សិទ្ធិការពារខ្លួន និងបានបាញ់តបតវិញទៅកាន់ក្រុមជនល្មើស បណ្ដាលឲ្យជនល្មើសស្លាប់ចំនួន ២នាក់ ។
លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្តថា, ជនល្មើស ជាមុខសញ្ញា ដែលសមត្ថកិច្ចយើងបាន ស៊ើបអង្កេត ស្រាវជ្រាវ តាមដាន ឈានដល់ក្តោបបាន នឹងឡោមព័ទ្ធ ប៉ុន្តែពួកគេបានធ្វើការបាញ់ប្រហារមកលើ សមត្ថកិច្ច ដោយគ្រាប់កាំភ្លើងយ៉ាងស្រោច ទើបមន្ត្រីនគរបាលយើងម្នាក់ រងរបួស ហើយក៏បានចាត់ចែង បញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ។
ចំពោះនីតិវិធីបន្ត លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានលើកឡើងថា, ជាភារកិច្ចរបស់សមត្ថកិច្ចជំនាញ កំពុងតែបន្តនីតិវិធីរបស់ខ្លួន តាមប្រមាញ់មុខសញ្ញា ផ្សេងៗទៀត។
សូមបញ្ជាក់ថា, ហេតុការណ៍ជនសង្ស័យមួយក្រុមផ្ទុះអាវុធជាមួយកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលបណ្តាលឲ្យសមត្ថកិច្ចរបួសម្នាក់ ចំណែកជនសង្ស័យ ២នាក់បានស្លាប់ សមត្ថកិច្ចចាប់យកកាំភ្លេីងខ្លីមួយដេីម​ នៅកន្លែងកើតហេតុ ។ ហើយហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង០០នាទីព្រឹក​ ថ្ងៃទី១៨​ខែមេសា​ ឆ្នាំ២០២៣​ នៅភូមិគោកចំបក់​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ ៕

...


ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print