ភ្នំពេញ៖ បើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះថា៖ កម្លាំងសមត្ថកិច្ចជំនាញ បានរកឃេីញយានយន្តសរុបចំនួន ០៤គ្រឿងទៀតទូទាំងប្រទេស ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នាថ្ងៃទី១៨ ខែមេសានេះ ក្នុងនោះមានម៉ូតូ ០១គ្រឿង និងរថយន្ត ០៣គ្រឿង។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានគូសបញ្ជាក់ថា សម្រាប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១,៦៣៩គ្រឿង ក្នុងនោះមានម៉ូតូ ១,០៧៧គ្រឿង និងរថយន្តគ្រប់ប្រភេទ ៥៦២គ្រឿង។ បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ ល្មើសសញ្ញា។ ដោយឡែករថយន្តរួមមាន៖ ល្មើសសញ្ញាជាដើម។
ដោយឡែកសម្រាប់ថ្ងៃទី១៨ ខែមេសានេះដែរ ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងចំនួន១៤លើក ក្នុងនោះអ្នកស្លាប់ចំនួន ០៧នាក់ របួសចំនួន ២១នាក់ (របួសធ្ងន់ចំនួន ១២នាក់)។ សូមជម្រាបជូនថា រយៈពេល ១៨ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១៥៩លើក បណ្ដាលឱ្យមនុស្សស្លាប់ ៧៤នាក់ របួស ២១៣នាក់ (របួសធ្ងន់ ១៥៣នាក់)។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត៕ដោយ៖សហការី